រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក អ៊ុយ សុធាវី អញ្ជើញសម្ពោធអាគារសិក្សា ០១ខ្នង ០៣បន្ទប់នៅសាលាបឋមសិក្សា “បាក់អង្រែក” ស្រុកឯកភ្នំ ដែលជាអំណោយសប្បុរសជនតាមរយៈ ព្រះភិក្ខព្រះនាម ប្រាជ្ញ សាវេន គង់នៅសហរដ្ឋអាមេរិក

  • 1.2ពាន់
  • ដោយ Sotheavy

ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២០  លោក អ៊ុយ សុធាវី  អភិបាលរងខេត្ត និងជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ  អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការនូវអគារសិក្សាថ្មី១ខ្នង ៣បន្ទប់ ដែលមានតម្លៃជាង៣ម៉ឺនដុល្លារធាមេរិកជាអំណោយសប្បុរសជនខ្មែរនៅអាមេរិកតាមរយៈព្រះភិក្ខុសង្ឃព្រះនាម ប្រាជ្ញ សាវេន គង់នៅសហរដ្ឋអាមេរិក។

ក្នុងពិធីសម្ពោធ ទាំងអាជ្ញាធរស្រុក និង ម្ចាស់ជំនួយផ្ទាល់ បានថ្លែងកត់សម្គាល់ និងវាយតម្លៃ ពីសមិទ្ធផលថ្មីដែលកើតឡើងនៅទីនេះថា៖ គ្មានអ្វីប្រសើរជាងការគាំទ្រក្នុងការកសាងសាលារៀនឲ្យបានស្អាតនៅទីនេះ និងដើម្បីផ្តល់នូវក្តីសុបិន្តទាំងឡាយជូនបងប្អូនប្រជាពលរដ្ឋនិងកូនក្មួយនៅទីនេះឡើយ។ តំណាងជាម្ចាស់ជំនួយផ្ទាល់ក៏បានសង្កត់ធ្ងន់ទៀតថា៖ការបរិច្ចាគថវិកាដែលបានមកពីការកៀងគរពីសប្បុរសជននៅសហរដ្ឋអាមេរិក ក្នុងការជួយកសាងសាលារៀននៅទីនេះ សង្ឃឹមថា ក្មួយៗនិងលោកគ្រូ អ្នកគ្រូនៅទីនេះ និងប្រជាពលរដ្ឋជាពិសេសអាជ្ញាធរនិងបន្តថែនូវរក្សាសមីទ្ធផលនេះដើម្បីជាប្រយោជន៍សាធារណៈសម្រាប់កូនចៅ ក្មួយៗនិងមនុស្សជំនាន់ក្រោយៗបានសិក្សារៀនសូត្រនៅទីនេះ។

ព្រះតេជគុណ ព្រះភិក្ខុ កល្យាណធម្មោ ប្រាជ្ញសាវេន ព្រះសង្ឃគង់នៅសហរដ្ឋអាមេរិក ក៏បានអំពាវនាវនិងក្រើនរំលឹកដល់កូនក្មួយចៅៗ ដែលជាសិស្សកំពុងសិក្សានៅសាលាបាក់អង្រែក ស្ថិតក្នុងភូមិបាក់អង្រែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ត្រូវមករៀនឲ្យបានទៀងទាត់ មករៀនឲ្យបានចេះឲ្យបានចំណេះ ចេះតិចប្រសើរជាងអត់ចេះ មានចំណេះទើបធ្វើឲ្យខ្លួនយើងមានអនាគតល្អ សម្រាប់ទៅថ្ងៃអនាគត។ ព្រះតេជគុណ ក៏បានសង្កតធ្ងន់បន្ថែមដោយបានផ្តាំផ្ញើ និងអំពាវនាវដល់ឪពុកម្តាយកូន ៗនិងអាណាព្យាបាលសិស្សទាំងអស់ឲ្យបញ្ឈប់នូវការកេងប្រវ័ញ្ចនូវពលកម្មកូនចៅ ដោយរារាំងឃាត់ឃាំងកូនចៅខ្លួន ឲ្យឈប់នៅផ្ទះ ដើម្បីជួយការងារនៅផ្ទះ បង្កការខកខានក្នុងការសិក្សា និង មកសាលារៀនមិនបានទៀងទាត់ ប៉ះពាល់ដល់ការសិក្សារៀនសូត្ររបស់កូនៗចៅៗនៅទីនេះ។

លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖គោលនយោបាយ ជាអាទិភាពរបសរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអប់រំ គឺ៖ អនុវត្តនូវគោលការណ៍អប់រំសម្រាប់ទាំងអស់គ្នា ដោយធានាឲ្យបានឲ្យសិស្សទាំងអស់អាចចូលរៀនបាន ដោយស្មើភាពគ្នា និង ប្រកបដោយគុណភាពខ្ពស់។ ហើយការអប់រំសម្រាប់ទាំងអស់គ្នានេះក៏ទាមទារ ក្នុងការផ្តល់នូវអាទិភាព ដល់ សិស្សក្រីក្របានចូលរៀន ចាប់ពីថ្នាក់បឋមសិក្សា ឡើងទៅផងដែរ។

លោកបានបន្តថា៖ វិស៏យអប់រំគឺជាចំណុច គោលដៅគន្លឹះនៅក្នុងទស្សនៈវិស័យអភិវឌ្ឍន៍យូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អប្រព័ន្ធអប់រំ ដើម្បីឲ្យសេវាអប់រំ កាន់តែជ្រាបចូល ទៅ ដល់តំបន់ជនបទ ដែលពុំមានលទ្ធភាពក្នុងការទទួលបាននូវការអប់រំទូលំទូលាយ និងជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រកាត់បន្ថយនូវភាពក្រីក្រ។

លោកអភិបាលរងខេត្តបាត់ដំបង បានចាត់ទុកអាគារសិក្សាថ្មីនេះពិតជាបម្រើសេចក្តីត្រូវការ  និងអំពីតម្រូវការចាំបាច់ក្នុងការសិក្សារបស់ក្មួយៗនៅទីនេះ និងជាការឆ្លើយតបបានទាន់ពេលវេលាស្របតាមគោលដៅ អភិវឌ្ឍន៍សហស្សវត្ស កម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ ដើម្បីការកសាងនូវធនធានមនុស្សប្រកបដោយ សមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

លោក អ៊ុយ សុធាវី  ក៏បានសំណូមពរនិង អំពាវនាវដល់មាតាបិតានិងអាណាព្យាបាលសិស្សត្រូវបន្តយកចិត្តទុកដាក់ក្នុងការជម្រុញកូនចៅ ឲ្យមករៀនសូត្រឲ្យបានទៀងទាត់ ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ ព្រមទាំងចេះតាមដានពីការសិក្សារបស់សិស្សនិងកូនៗខ្លួនដោយធ្វើយ៉ាងណាឲ្យបានរៀនចប់ថ្នាក់ទី៩ ឲ្យស្របតាមកម្មវិធីអប់រំ សំរាប់កុមារ។ជាមួយគ្នានេះដែរឯកឧត្តមអភិបាលរងខេត្តបាត់ដំបងក៏បានថ្លែងអំណរគុណដល់សប្បុរសជនផ្ទាល់ តាមរយៈព្រះតេជគុណ ប្រាជ្ញ សាវេន កន្លងមក ដោយបានខិតខំជួយលើវិស័យអប់រំសិក្សានៅទីនេះនិងបានអំពាវនាវឲ្យបន្តជួយដល់សហគមន៍នៅទីនេះ ដើម្បីជម្រុញដល់ការអភិវឌ្ឍន៍រីកចម្រើននៅទីនេះបន្ថែមទៀត៕ (   អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

អត្ថបទទាក់ទង