ថ្ងៃសៅរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ស សុខា អនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ កែ សួនសុភី ប្រធានក្លឹបបាល់ទាត់វិសាខា និងលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសប្បុរសធម៌ ស្តីពីការកីឡារបាល់ទាត់ នៅក្នុងពិធីនេះមានអញ្ជើញពី ឯកឧត្តម ស រដ្ឋា ប្រធានសភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង អស់លោក លោកស្រី សមាជិក សមាជិក សសយក និងក្រុមកីឡាផងដែរ។
ជម្រាបជូនថា នៅពិធីនេះក្លិបកីឡាបាល់ទាត់ វិសាខា ចែករំលែកបទពិសោធន៏បង្ហាញពីការលេងបាល់ទាត់ដល់ប្អូនៗ កុមារកំព្រា និងយុវជនក្នុងខេត្តបាត់ដំបង ។
សូមបញ្ជាក់បន្ថែមទៀតថា ដោយបានការអនុញ្ញាត និងកិច្ចគាំទ្រពីសហភាពសហព័ន្ធយុវជនកម្ពុជា ពីរដ្ឋបាលខេត្តបាត់ដំបង និងការសម្របសម្រួលរួមកិច្ចសហការពីក្លិបកីឡាបាល់ទាត់វិសាខា បានរៀបចំកម្មវិធីនេះចែករំលែកនូវបទពិសោធន៍ និងការបង្ហាត់បង្ហាញពីការលេងកីឡាបាល់ទាត់ឲ្យបានត្រឹមត្រូវ តាមរយៈការបណ្តុះស្មារតីយុវជន ពង្រីកកិត្យានុភាព និងបង្កើនសាមគ្គីភាព ភាពស្និទ្ធស្នាលជាមួយយុវជន និងប្រជាពលរដ្ឋ ដោយផ្តល់ឱកាសដល់ ប្អូននៅមណ្ឌលកុមារកំព្រា និងសិស្សអាយុក្រោម ១៤ ឆ្នាំ ចំនួន ១០០នាក់ក្នុងខេត្តបាត់ដំបង បានបង្ហាញពីទេពកោសល្យរបស់ខ្លួន ក្នុងការលេងបាល់ទាត់ ឲ្យមានការអភិវឌ្ឍន៍ឈានឡើង សំដៅលើកស្ទួយនូវវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយ ពីគម្រោងអភិវឌ្ឍន៍យុវជនក្លិបបាល់ទាត់វិសាខា ទៅដល់មជ្ឈដ្ឋានអ្នកស្នេហាវិស័យកីឡាបាល់ទាត់ផងដែរ។
នៅក្នុងកម្មវិធីនេះ ក៏មានពិធីចែកជូននូវវត្ថុអនុស្សាវរីយ៍ ដល់រដ្ឋបាលខេត្ត និង សម្ភារៈកីឡាដល់ប្អូនៗផងដែរ ។