រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៣ នៅខេត្តបាត់ដំបង

  • 2.8ពាន់
  • ដោយ Sotheavy

នៅព្រឹកថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី សុំ ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ លើកទី១៣ នៅសាលមហាស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីសមាជិក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករ។

លោកស្រី សុំ ចិន្តា អភិបាលរងនៃគណៈអភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបរបស់ គ.ខ.ប.ជ ។ ឆ្លៀតក្នុងឱកាសនេះដែរ ក្នុងនាម ឯកឧត្តម ងួន រតនៈ ក្នុងនាមរដ្ឋបាលខេត្ត និងខិតខំទប់ស្កាត់នូវបញ្ហាការឆ្លងដែនខុសច្បាប់ និងបន្តកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដែលមានព្រំដែនជាប់នឹងប្រទេសជិខាង។

លោកស្រី បានបន្តថានឹងខិតខំបន្តផ្សព្វផ្សាយឲ្យបានខ្លាំងក្លាថែមទៀត ពីបញ្ហាការឆ្លងដែនដោយខុសច្បាប់ ទាំងនៅតាមភូមិ ឃុំ សាលារៀន ពិសេសនៅតាមបន្ទាត់ព្រំដែន និងសហការជាមួយអាជ្ញាធរប្រទេសជិតខាង រួមគ្នាទប់ស្កាត់នូវការឆ្លងដែនខុសច្បាប់។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រាប់ទៅកាន់សមត្ថកិច្ចពាក់ព័ន្ធដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ឬតាមច្រកព្រំដែនទាំងច្រកអន្តរជាតិ និងច្រកតំបន់ ត្រូវទប់ស្កាត់ឲ្យបាននូវការឆ្លងដែនខុសច្បាប់ ដោយមិនត្រូវចូលរួម ឬបើកដៃឲ្យជនខិតខូចនាំពលករខុសច្បាប់ជាដាច់ខាត ។

លោកជំទាវបានបន្តថា បច្ចុប្បន្នកំពុងមានការចោទប្រកាន់ និងតាមដានមន្ត្រីឃុបឃិតការនាំពលករឆ្លងដោយខុសច្បាប់ ពីសំណាក់ស្ថានទូតបរទេស ព្រោះពួកគេបានទទួលដំណឹងពីអង្គការដៃគូ ដោយពួកគេបានសួរមករាជរដ្ឋាភិបាល តើមានវិធានការយ៉ាងណាចំពោះមនុស្សចូលរួមឃុបឃិត ។

លោកជំទាវបានបញ្ជាក់ទៀតថា ការឃុបឃិតនេះ គឺគ្រាន់តែការញាក់មុខញាក់មាត់ ក៏ជាការឃុបឃិតជាមួយជនល្មើសដែរ ហើយបើសិនជាបានទទួលលាភសក្ការៈពីជនខិលខូចទាំងនោះទៀត គឺកាន់តែធ្ងន់ធ្ងរ ដែលបញ្ហានេះត្រូវតែប្រុងប្រយ័ត្ន និងមិនត្រូវពាក់ព័ន្ធជាដាច់ខាត ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានអំពាវនាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការភ័យខ្លាចចំពោះការឆ្លងដែនខុសច្បាប់ ដោយមុនឆ្លងដែនទៅរកការងារនៅប្រទេសណាមួយនោះត្រូវសិក្សាឲ្យបានច្បាស់លាស់ ប្រាប់ដំណឹងដល់អាជ្ញាធរ និងត្រូវមានឯកសារត្រឹមត្រូវ ចៀសវាងពេលមានបញ្ហាទៅ មានអាជ្ញាធរបានដឹងលឺ៕

អត្ថបទទាក់ទង