ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធិភូមិភាគទី៥ បានដឹកនាំកិច្ចប្រជុំពិភាក្សាការរៀបចំបុណ្យទន្លេ នៅខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ក្រសួងទេចរណ៍ លោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត និងអ្នកព័ន្ធពាក់មួយចំនួនទៀត។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត បានត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ដោយបានរៀបចំកិច្ចប្រជុំ ពិភាក្សារៀបចំសេចក្តីព្រាងផែនការរៀបចំបុណ្យទន្លេ ជូនអង្គប្រជុំពិនិត្យ និងពិភាក្សា ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ បានរាយការណ៍លម្អិតនៃផែនការរៀបចំបុណ្យទន្លេ ដែលបានរៀបចំព្រឹត្តិការណ៍ ដាំដើមឈើ ការពិព័រណ៍ផលិតខ្មែរ និងបរទេស និងកម្មវិធីកីឡា ដើម្បីជូនគណៈអធិតីភាព និងអង្គប្រជុំ។
ឯកឧត្តម ប៉ាក់ សុខុម បានប្រសាសន៍ណែនាំដល់រដ្ឋបាលខេត្ត រៀបចំគណៈកម្មការរៀបចំបុណ្យទន្លេ និងមានអនុគណៈកម្មការនានាបន្ថែមទៀត ជាពិសេសអនុគណៈកម្មការការពារសន្តិសុខសណ្តាប់ធ្នាប់ ។ ឯកឧត្តមបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេនេះដែរ រដ្ឋបាលរៀបចំទីតាំងឲ្យបានសមរម្យ ដើម្បីរៀបចំពិធីក្រុងពាលី ទីតាំងរៀបចំស្តង់ពិព័រណ៍ផលិតក្នុងខេត្តបានច្រើន និងរបាំងប្រពៃណី រឿងខ្លីៗ ដែលពាក់ព័ន្ធនឹងខេត្តបាត់ដំបង ព្រមទាំងរៀបចំកីឡាផ្សេងៗក្នុងពិធីនេះ។
ក្រោយធ្វើការពិភាក្សារួចមក គណៈអធិបតី បានចុះពិនិត្យទីតាំងជាក់ស្តែង ដែលរៀបចំពិធីបុណ្យទន្លេនាពេលខាងមុខផងដែរ។
សូមជម្រាបថា៖ ខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខ ដោយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យនេះផងដែរ ៕