រសៀលថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជួបពិភាក្សា ជាមួយគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំដោយឯកឧត្តម ត្រឹង វ៉ាន់មៀន អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ត្រូវបានរៀបចំឡើង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដែលមាបអញ្ជើញចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាលខេត្ត លោកប្រធានមន្ទីរកសិកម្មខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត និងភាគីពាក់ព័ន្ធនៃទីក្រុងដាណាំងផងដែរ ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះបក្ស និងរដ្ឋ ទីក្រុងដាណាំងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់នូវសមិទ្ធិផលថ្មី គឺអគារសាលសន្និសិទមិត្តភាពបាត់ដំបង ដាណាំង ដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកមិញនេះ និងបានផ្តល់អាហាររូបករណ៍ ដល់និស្សិតខេត្តបាត់ដំបង បានទៅសិក្សារៀនសូត្រ នៅទីក្រុងដាណាំង ដែលជាទីក្រុងស្រស់ស្អាតជាងគេ ក្នុងភូមិភាគកណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយជំនួប នាថ្ងៃនេះ មានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ពិភាក្សាការងារ រវាងខេត្តបាត់ដំបង និងទីក្រុងដាណាំង ដែលឯកឧត្តម អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាំង និងគណៈប្រតិភូ ឆ្លៀតពេលវេលាដ៏មានតម្លៃជួបពិភាក្សាការងារ ដើម្បីពង្រឹងនូវចំណងមិត្តភាពកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង ។ ម្យ៉ាងទៀត ចំណងមិត្តភាពសាមគ្គីភាព រវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម គឺជាចំណងមិត្តភាពប្រពៃណីដ៏យូរលង់ ហើយកិច្ចប្រជុំពិភាក្សាពេលនេះ គឺផ្តោតលើសក្តានុពល វិស័យទេសចរណ៍ និងធ្វើឲ្យកាន់តែប្រសើរឡើង នូវការទំនាក់ទំនងគ្នា ក្នុងគោលបំណង ដើម្បីបង្កើតឡើង នូវកាលានុវត្តភាព និងលក្ខខណ្ឌសម្រាប់ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព ក្នុងស្មារតីសាមគ្គីភាព មិត្តភាព និងផ្តល់ប្រយោជន៍ទៅវិញទៅមក ។
ឯកឧត្តម ត្រឹង វ៉ាន់មៀន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលប្រតិភូទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយផ្អែកលើស្មារតីសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព រវាងខេត្តបាត់ដំបង និងទីក្រុងដាណាំង តាំងពីឆ្នាំ២០១២ ហើយក្រោមការដឹកនាំ របស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង មានការអភិវឌ្ឍ ជាពិសេសក្រុងបាត់ដំបងបានទទួលជ័យលាភីរហូត ហើយចំណងមិត្តភាព ទំនាក់ទំនង រវាងខេត្តបាត់ដំបង និងទីក្រុងដាណាំង ហើយពេលវេលាកន្លងមកក៏មានការយកចិត្តទុកដាក់ទៅវិញទៅមក ជាពិសេស នៅព្រឹកមិញ សមិទ្ធិផលថ្មី គឺអគារសាលសន្និសិទមិត្តភាពបាត់ដំបង ដាណាំង ដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ គឺបង្ហាញការផ្សារភ្ជាប់នូវទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងខេត្តបាត់ដំបង និងខេត្តដាណាំង ឲ្យកាន់តែប្រសើរឡើងថែមទៀត ៕