ថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា អភិបាលរងខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត លេខាធិការដ្ឋានសាលាដំបូងខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួន។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថាទោះបីជាការផ្តល់សេវាតាមរយៈអង្គភាពច្រកចេញ-ចូលតែមួយសាលាខេត្តមានលក្ខណៈល្អប្រសើរក៏ពិតមែន ប៉ុន្តែក៏នៅមានសេវាមួយចំនួននៅមានបញ្ហាប្រឈមដូចជា ការផ្តល់សេវាវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី មានភាពយឺតយ៉ាវមិនទាន់បរិបទការងារធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ និងមិនសូវពេញចិត្ត ដោយសារមកពីនីតិវិធីនៃការផ្តល់សេវានេះមានភាពស្មុគស្មាញពេក។
ឯកឧត្តម ងួន រតនៈ បានបន្តទៀតថាចំពោះសេវារដ្ឋបាលពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន និងការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន បានបញ្ជូនពាក្យស្នើសុំកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានសរុប ២.២០៨ ច្បាប់ ដោយគិតពីខែវិច្ឆិកា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានទទួលសេចក្តីសម្រេចកែតម្រូវសរុប ១.៨៣៧ នាក់ និងបដិសេធចំនួន ៧៥ ច្បាប់ ។
ឯកឧត្តម ប៉ុល លឹម បានណែនាំដល់មន្ត្រីផ្តល់សេវា ត្រូវញែកការផ្តល់សេវា ព្រមទាំងផ្សព្វផ្សាយអំពីការផ្តល់សេវាដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹង ដើម្បីងាយស្រួលមកទទួលសេវា ដូចជាការផ្តល់អត្រានុកូលដ្ឋានតើត្រូវទៅរកនៅកន្លែងណា និងការកែតម្រូវអត្រានុកូលដ្ឋានត្រូវទៅរកកន្លែងណា ដើម្បីទទួលបានសេវា និងមិនមានការស្មុកស្មាញដល់បងប្អូនប្រជាពលរដ្ឋ ៕