រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក យឹម សៀប អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីពីការធ្វើសេចក្តីសម្រេចចិត្ត និងអនុម័តផែនការបោសសំអាតមីនឆ្នាំ២០២០

  • 1.5ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៩ លោក យឹម សៀប អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីពីការធ្វើសេចក្តីសម្រេចចិត្ត និងអនុម័តផែនការបោសសំអាតមីនឆ្នាំ២០២០ ប្រចាំខេត្តបាត់ដំបង ។ កម្មវិធីធ្វើនៅសាលាខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី មេឃុំ អភិបាលអភិបាលរងស្រុក ប្រធាន អនុប្រធាន តំណាងមន្ទីរ ស្ថាប័នអង្គភាពពាក់ព័ន្ធ ប្រតិបត្តិករបោសសំអាតមិន និងអង្គការដៃគូអភិវឌ្ឍន៍ចូលរួមផងដែរ។

បន្ទាប់តំណាងអង្គភាពបោសសំអាតមីនមាន Hallo Trust , CMAC, MAG, CSHD បានឡើងរាយការណ៍ពីលទ្ធផលសកម្មភាពការងារក្នុងឆ្នាំ២០១៩កន្លងទៅរួចមក។

លោក ឆាយ រួម ប្រធានអង្គភាព MAPU ខេត្តបានឡើងរាយការណ៍លំអិតពីលទ្អផលការងារបោសសំអាតមីននៅតាមគោលដៅក្នុងខេត្តនិងដោយពន្យល់តាមរយ:ការបញ្ចាំងស្លាយដល់អង្គសិក្ខាសាលាបានស្តាប់និងបានបង្ហាញពីពង្រៀងផែនការបោសសំអាតមីនសម្រាប់ឆ្នាំ២០២០ ដើម្បីសុំការអនុម័តពីអង្គសិក្ខាសាលាថ្នាក់ខេត្តផងដែរ។

លោក ឃឹម សៀប អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងមានប្រសាសន៍ក្នុងនាមគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្ត ថ្លែងក្នុងពិធីបើកសិក្ខាសាលារអនុម័តផែនការបោសសំអាតមីនថ្នាក់ខេត្តថា សិក្ខាសាលាអនុម័តផែនការបោសសំអាតមីនប្រចាំឆ្នាំថ្នាក់ខេត្ត សម្រាប់ឆ្នាំ២០២០នាឱកាសនេះ ។

លោកអភិបាលរងនៃគណៈអភិបាលខេត្ត បានបន្តទៀតថា ឆ្នាំនេះគឺជាឆ្នាំគន្លឹះថ្មីមួយទៀតដែលគណៈកម្មាធិការសកម្មភាពមីនខេត្តបាត់
ដំបង បានរៀបចំសិក្ខាសាលាអនុម័តផែនការបោសសំអាតមីនប្រចាំឆ្នាំថ្នាក់ខេត្ត ដ៏មានសារៈសំខាន់នេះឡើង ស្របតាមអនុក្រឹតលេខ៧០ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំនិងគោលការណ៍ប្រតិបត្តិការ ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម អនុម័តដោយអាជ្ញាធរមីនហើយបានចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនយ៉ាងសកម្ម ប្រកបដោយគណនេយ្យភាព ប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់ ។

លោកអភិបាលរងខេត្តបានបញ្ចាក់បន្ថែមទៀតថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែង និងការលះបង់ខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់អស់លោក លោកស្រី ក្រុមការងារផែនការសកម្មភាពមីនខេត្ត(MAPU)ក្រុមប្រឹក្សាឃុំ គណៈអភិបាលស្រុក ប្រតិបត្តិករបោសសំអាតមីន និងរួមគ្នារអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សន៍របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គទេសដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធានអាជ្ញាធរមីននិងលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ។

សូមជម្រាបជូនដែលថាសម្រាប់ឆ្នាំ២០១៩នេះ បើពិនិត្យការងាររួមយើងអាចសន្និដ្ឋានបានថា សកម្មភាពរីកចំរើនត្រូវបានពង្រឹង និងពង្រីកនូវវិសាលភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួនយ៉ាងទូលំទូលាយ ដោយប្រើមធ្យោបាយ ធនធានចំទិសដៅ និងបច្ចេកទេសទំនើបកម្ម ក្នុងការរំដោះដីចេញពីការគំរាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យកាន់តែមានទំហំច្រើនជាងបណ្តាឆ្នាំមុនៗ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបោសសំអាតមីនសរុបទូទាំងខេត្តគិតត្រឹមខែតុលា ឆ្នាំ២០១៩ សម្រេចបាន២៣៧ចំការមីន ផ្ទៃដី២,១៦៦ហិកតា បានរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន២,៣៧៥គ្រាប់ មីនប្រឆាំង រថក្រោះចំនួន៣២គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន១,៦៦៧គ្រាប់និងមិនច្នៃចំនួន១គ្រាប់ ។

កត្តាជោគជ័យខាងលើនេះ បារួមចំណែកយ៉ាងសំខាន់ និងជះឥទ្ធិពលដោយផ្ទាល់ដល់ការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងជាលំដាប់ ធ្វើអោយប្រជាពលរដ្ឋរួចផុតពីការភ័យខ្លាច គ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម បានថយចុះជារៀងរាល់ឆ្នាំ (ឆ្នាំ២០១៤ចំនួន៤០ នាក់,ឆ្នាំ២០១៥ ចំនួន២៨នាក់,ឆ្នាំ២០១៦ ចំនួន ១៥ នាក់ និងឆ្នាំ២០១៧-២០១៩ នៅសល់ត្រឹមតែចំនួន១០នាក់ តែប៉ុណ្ណោះ ) ។

ទន្ទឹមនឹងសមិទ្ធផលសម្រេចបានយើងក៏នៅមានកិច្ចការ តម្រូវការ សំណូមពរបញ្ហាប្រឈម ជាច្រើនទៀតដែលត្រូវបំពេញ អនុវត្តនិងដោះស្រាយ ជាក់ស្ដែងក្នុងអង្គសិក្ខាសាលានាពេលនេះ យើងនឹងរួមគ្នាពិនិត្យ ពិគ្រោះ ពិភាក្សាលើពង្រាងផែនការបោសសំអាតមីនប្រចាំឆ្នាំថ្នាក់ខេត្ត ដែលកន្លងមកក្រុមការងារផែនការសកម្មភាពមីនខេត្ត ជាអ្នកសម្របសម្រួលកិច្ចដំណើរការកសាងផែនការបោសសំអាតមីន តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ខេត្ត ដោយមានការចូលរួមយ៉ាងពេញលេញពីអាជ្ញាធរមូលដ្ឋាន ប្រតិបត្តិករដោះមីន ភាគីពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ។

ដើម្បីជាទំនួយស្មារតីដល់កិច្ចពិភាក្សាលើពង្រាងផែនការ ខ្ញុំសូមធ្វើការណែនាំដូចខាងក្រោម៖
១-ពិនិត្យផ្ទៀងផ្ទាត់ឲ្យបាគ្រប់ជ្រុងជ្រោយ
ទៅលើផែនការរបស់ប្រតិបត្តិករដោះមីននីមួយៗដើម្បីជៀងរាំងការជាន់ផែនការគ្នា ។
២-ពិនិត្យមើលចំការមីននៅតាមខ្សែបន្ទាត់ព្រំដែន្យបានម៉ត់ចត់បំផុត នឹងរអនុវត្តទៅ
តាមចរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលលេខ០២សរ ចុះថ្ងៃទី០២ ខែ មិនា ឆ្នាំ២០១៦ ស្តីពីការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅតាមខ្សែបន្ទាត់ព្រំដែន ។
៣-ពិនិត្យមើលចំការមីន ដែលកំពុងមានជម្លោះកើតឡើង មិនគួរលើកចូលក្នុងផែនការឆ្នាំ២០២០ទុកដោះស្រាយរួចរាល់ ស្នើសុំបញ្ចូលក្នុងផែនការតាមក្រោយ ។
៤-ប្រតិបត្តិករនីមួយៗ អាចលើកឡើងនូវបញ្ហាប្រឈមនានាជុំវិញការរៀបចំផែនការរបស់ខ្លួនប្រចាំឆ្នាំ ដើម្បីរួមគ្នាដោះស្រាយ ឬលើកសំណូមពរទៅថ្នាក់ជាតិបន្ត ដើម្បីជួយដោះស្រាយ ៕

អត្ថបទទាក់ទង