ព្រឹកថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ៣៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមយុទ្ធនាការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិក និងផ្សព្វផ្សាយពីកន្រ្តកបរិស្ថាន ត្រូវបានរៀបចំឡើង នៅជុំវិញផ្សារបឹងឈូកក្នុងក្រុង-ខេត្តបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្រ្តីក្រសួងបរិស្ថាន មន្ត្រីរាជការសាលាខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងក្រុង និងកងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស យុវជន សិស្សានុសិស្ស អាជីវករ និងប្រជាពលរដ្ឋយ៉ាងកុះករ។
លោក ខ្វៃ អាទិត្យា អគ្គនាយករង អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា៖ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យមហាជនចូលរួមនិងរួមគ្នាកាត់បន្ថយពីការប្រើប្រាស់ថង់ប្លាស្ទិក ឲ្យស្ថិតនៅកម្រិតអប្បបរមា ដើម្បីសំដៅដល់ការការពារនូវសុខភាពមនុស្ស បរិស្ថាន និង សោភ័ណភាពនៃទីក្រុង។
លោក ខ្វៃ អាទិត្យា បានបន្ថែមថា កន្លងមកយុទ្ធនាការនេះបានចាប់ផ្តើមនៅក្នុងក្រុង-ខេត្តបាត់ដំបង កាលពីខែមេសាឆ្នាំ២០១៩។នៅក្រុងសៀមរៀប ខេត្តសៀមរាប ខែមិថុនាឆ្នាំ២០១៩ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។នៅខែតុលា ឆ្នាំ២០១៩ និងនៅក្នុងខែធ្នូឆ្នាំ២០១៩នេះបានរៀបចំជាថ្មីម្តងទៀតក្នុងក្រុង-ខេត្តបាត់ដំបង ក្នុងទិសដៅជាយុទ្ធនាការកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិក និងដើម្បីផ្សព្វផ្សាយបញ្ជ្រាបឲ្យយល់ដឹងពីកន្រ្តកបរិស្ថាន និងរួមគ្នាចូលរួមគាំទ្រ និងប្រើ
ប្រាស់ នូវ កន្ត្រកបរិស្ថានបែបនេះ ដើម្បីបន្តសកម្មភាពរបស់ខ្លួនទៅតាមទីក្រុង តាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា។
លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ក៏ បានបញ្ជាក់ផងដែរថាកន្លងមកនេះ រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងតែចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់នូវការយល់ដឹង អំពីការសំអាតអនាម័យបរិស្ថាន ការគ្រប់គ្រងកាកសំណល់នៅតាមទីប្រជុំជន ដើម្បីធ្វើឲ្យមូលដ្ឋានស្អាត និងមានសោភ័ណភាព ក្នុងស្រុក-ក្រុង និងខេត្តរបស់ខ្លួន។
លោក អភិបាលរងខេត្តបាត់ដំបង បានចាត់ទុកថា៖យុទ្ធនាការ នាពេលនេះ និងបានរួមចំណែកក្នុងការជួយផ្សព្វផ្សាយនិងបានបញ្ជ្រាបពីចំណេះដឹងជូនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង ក៏ដូចជាខេត្តបាត់ដំបង ដើម្បីឲ្យមនុស្សគ្រប់ៗរូប ជាពិសេសបងប្អូនដែលអាជីវករនៅក្នុងផ្សារបឹងឈូក និងបណ្តាទីផ្សារនានាតាមបណ្តា ក្រុង-ស្រុក របស់ខេត្តបាត់ដំបង ឱ្យមានការយកចិត្តទុកដាក់និងបង្កើននូវការគិតគូរពីហានិភ័យនៃបរិស្ថាននានា។ ជាពិសេស អំពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក ពីការប្រែប្រួលអាកាសធាតុ ពីបញ្ហាជីវៈចម្រុះ ពីការគ្រប់គ្រងសំណល់គ្រប់ប្រភេទ... ។ល។ ដែលកំពុងកើតមានមកលើភពផែនដីនិងជួយជំរុញ ដល់សហគមន៍ជាតិយើងទាំងអស់គ្នា ឱ្យខិតខំនិងបន្តការយកចិត្តទុកដាក់ពីបញ្ហាបរិស្ថាន ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិគ្រប់ៗរូប គ្រួសារនីមួយៗ និងសេដ្ឋកិច្ចសង្គមជាតិយើង ទាំងមូល ។
ឯកឧត្តម ជា សំអាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍កោតសរសើរ និងបានវាយតម្លៃខ្ពស់ ដល់អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានដែលបានសហការជាមួយមន្ទីរបរិស្ថាន រដ្ឋបាលខេត្តនិងសាលាកង្រុបាត់ដំបង ក្នុងការរៀបចំបំផុសឲ្យមានកម្មវិធីនៃយុទ្ធនាការក្នុងកាត់បន្ថយថង់ប្លាស្ទិកនេះឡើង។
ឯកឧត្តមក៏បានផ្តល់នូវក្តីសង្ឃឹមនិងពីការរំពឹងទុកថា៖ការចូលរួមគាំទ្រពីអ្នកពាក់ព័ន្ធទាំងអស់ នាឱកាសនេះ គឺជាការឆ្លុះបញ្ចាំងអំពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់ របស់ ប្រជាជាតិយើងទាំងអស់គ្នា ជាមួយប្រជាជាតិនៅលើសកលលោក ដើម្បីបុព្វហេតុរួមចំណែក ក្នុងការការពារ និងថែរក្សាគុណភាពបរិស្ថាន នៃភពផែនដីយើងទាំងអស់គ្នា ឱ្យឈានឆ្ពោះទៅរកនិរន្តរភាព និងភាពស្រស់បំព្រងជានិច្ច សម្រាប់មនុស្សជាតិបច្ចុប្បន្ននិងមនុស្សជំនាន់ក្រោយៗទៀត។ ឯកឧត្តម ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា៖ សំណល់ថង់ប្លាស្ទិក បានផ្តល់នូវផលប៉ះពាល់ ដល់សង្គម សុខភាពនិងគុណភាពបរិស្ថាន រួមមាន៖១.ការធ្វើឱ្យស្ទះប្រព័ន្ធបង្ហូរទឹកលូនិងបង្កឱ្យមានទឹកជំនន់នៅរដូវភ្លៀងធ្លាក់។២.ការធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុងនិងទីប្រជុំជន។៣. វាបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី។ ជាពិសេស ជីវៈចម្រុះនៅក្នុងទឹក(ពិសេសមច្ឆជាតិ)។៣.ថង់ប្លាស្ទិកផ្ទុកនូវសារធាតុគីមីពុល អាចជ្រាបចូលទៅក្នុងដីមានការបំពុលទឹកនិងដី។៤.ថង់ប្លាស្ទិក មិនងាយរលាយ ថែមទាំងអាចបង្កនូវផលប៉ះពាល់ដល់សុខភាពរាងកាយមនុស្សយ៉ាងធ្ងន់ធ្ងរទៀតផង។
សូមជម្រាបជូនដែរថា បរិមាណសំរាម នៅតាមទីប្រជុំជនមានចំនួន១ម៉ឺនតោនក្នុងមួយថ្ងៃ។សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើត មានប្រមាណ ៤លានតោន ក្នុងនោះ២០% គឺជាសំណល់ថង់ប្លាស្ទិក។ ខេត្ត-រាជធានីធំៗ ដែលផលិតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញ ប្រមាណជាង ៣.០០០តោនក្នុងមួយថ្ងៃ។ ក្រុងព្រះសីហនុប្រមាណ ៧០០តោនក្នុងមួយថ្ងៃ។ ក្រុងសៀមរាប ៣៨០តោនក្នុងមួយថ្ងៃ។ និងនិយាយដោយឡែកក្រុងបាត់ដំបង ប្រមាណពី១៣០-១៥០តោន ក្នុងមួយថ្ងៃ។ សំរាមដែលអ្នកក្រុងបាត់ដំបងបង្កើតក្នុងនោះ ៦៥% ជាសំណល់សរីរាង្គ និង ៣៥% គឺជាសំណល់ប្លាស្ទិក៕