រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ចុះពិនិត្យមើលការស្ថាបនាផ្លូវកៅស៊ូ បេទីមមីន័រ (AC.) នៅក្នុងឃុំធិបតី ស្រុកគាស់ក្រឡ

  • 2.5ពាន់
  • ដោយ Sotheavy

ព្រឹកថ្ងៃអាទិត្យ​ ១២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង​ បានអញ្ជើញ ចុះបើកការដ្ឋានស្ថាបនាផ្លូវបេតុងកៅស៊ូ Asphalts Concrete ( AC ) ប្រវែង ២ គីឡូម៉ែត្រ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមលោកប្រធាន អនុប្រធាន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកគាស់ក្រឡគ្រប់ថ្នាក់ និងប្រជាពលរដ្ឋដែលរស់នៅទីតាំងគម្រោងផងដែរ ។

កន្លងមកនោះ ត្រូវបានក្រុមហ៊ុនជួយស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទបេទីម (AC)ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញ-ចូលទៅមករបស់ប្រជាពលដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់និងជួយបង្កនូវភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ក្នុងរដូវវស្សា និងបញ្ចៀសបានពីការរំខានធុញទ្រាន់របស់បងប្អូន ដោយសារតែការដឹកជញ្ជូនថ្មនិងដីហុយ ក្នុងរដូវប្រាំងកន្លងមក ដើម្បីយកទៅស្ថាបនាកំណត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ។

នៅក្នុងដំណើរចុះពិនិត្យនោះ ឯកឧត្តម បានវាយតម្លៃពីសមិទ្ធផលថ្មី នៅក្នុងស្រុកគាស់ក្រឡផ្ទាល់ ដោយចាត់ទុកថា៖ នេះគឺជាភ័ព្វសំណាងមុនគេ របស់ស្រុកដែលកន្លងមក នៅតាមបណ្តាស្រុកនានា ក្នុងខេត្តមិនទាន់មានផ្លូវកៅស៊ូប្រភេទបេទីម (AC) នេះនៅឡើយនោះទេ។ព្រោះតម្លៃផ្លូវប្រភេទនេះ មានតម្លៃថ្លៃខ្ពស់ណាស់ ខេត្តមិនមានលទ្ធភាពថវិកាក្នុងការធ្វើផ្លូវប្រភេទនេះ នៅតាមបណ្តាស្រុក-ក្រុង ក្នុងខេត្តនៅឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ផងដែរថា ផ្លូវក្រាលកៅស៊ូបេទីមជាប្រភេទ (AC) នេះ រដ្ឋបាលខេត្ត ទើបតែបានសាកល្បង ស្ថាបនាផ្លូវមួយខ្សែ នៅក្នុងក្រុងបាត់ដំបង តាមបណ្តោយផ្លូវលេខ១ តាមរ៉បមាត់ស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង ប្រវែងប្រមាណ ជាង០២គ.ម តែប៉ុណ្ណោះ។

ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលទទួលបានការវិនិយោគយកថ្មភ្នំដែលប្រើប្រាស់ថ្មភ្នំ ក្នុងការអនុវត្តស្ថាបនា ដើម្បីធ្វើការកែលម្អផ្លូវជាតិលេខ៥ និងបានផ្តាំផ្ញើ ជម្រុញដល់អាជ្ញាធរស្រុក និងមូលដ្ឋាននៅទីនេះផ្ទាល់ ត្រូវមានកិច្ចសហការល្អជាមួយក្រុមហ៊ុន និងក្រោយពីបញ្ចប់នូវគម្រោងនេះ ត្រូវប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អភិវឌ្ឍន៍ដោយត្រូវរៀបចំ ឲ្យមានការដាំដើមឈើឡើងវិញ និងរៀបចំកែច្នៃឲ្យទៅជាសួននិងដាំដើមឈើធម្មជាតិ ដើម្បីបម្រើដល់ការកំសាន្ត និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ។ ហើយអ្វី ដែលផ្តោតសំខាន់ ពេលមានផ្លូវល្អ ផ្លូវកៅស៊ូ ការធ្វើចរាចរណ៍ទៅមករបស់យានយន្តគ្រប់ប្រភេទ ត្រូវបើកបរគោរពច្បាប់ចរាចរ ចៀសវាងការគ្រោះថ្នាក់ជាយថាហេតុកើតឡើងដោយការធ្វេសប្រហែសនៅក្នុងការបើកបរ និងប្រើប្រាស់លើដងផ្លូវ។ត្រូវចូលរួម រួមគ្នាថែរក្សាផ្លូវឲ្យបានល្អ និងត្រូវប្រុងប្រយ័ត្នកូនចៅដែលរស់នៅក្បែរខាងផ្លូវត្រូវប្រុងក្នុងពេលឆ្លងផ្លូវឬចេញមកលេងលើដងផ្លូវ ដែលអាចប្រឈមនិងអាចបង្កហានិភ័យនូវអាយុជីវិតដោយសារតែគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងចៃដន្យភ្លាមៗ។

សូមជម្រាបជូនថា ក្រុមហ៊ុនដែលទទួលបាននូវការវិនិយោគយកថ្មភ្នំនៅទីនោះ និងដោយមានការអនុញ្ញាតិត្រឹមត្រូវស្របច្បាប់ពីក្រសួងរ៉ែ និងថាមពល និងពីរាជរដ្ឋាភិបាល។ ក្នុងនោះក្រុមហ៊ុនបានកសាងផ្លូវកៅស៊ូប្រភេទ (AC) មួយខ្សែប្រវែងជាង ២ គីឡូម៉ែត្រនេះជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់ ដើម្បីជាគុណប្រយោជន៍សាធារណៈ ជូនអាជ្ញាធរ និងប្រជាពលរដ្ឋ នៅក្នុងស្រុកគាស់ក្រឡផ្ទាល់៕

អត្ថបទទាក់ទង