ព្រឹកថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងធនធានទឹកនិងឧតុនិយម និងលោក ហឿង សុគន្ធ អភិបាលរងនៃគណ:អភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ១១ សរនណ ចុះថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុកនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការ
អញ្ជើញចូលរួមពីសំណាក់លោកអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងក្រុុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តចូលរួមសរុបជាង២០០នាក់។
បន្ទាប់ពីអំណានរបាយការណ៍ និងមតិស្វាគមន៍របស់លោក ហឿង សុគន្ធ អភិបាលរងខេត្តដោយបានបញ្ជាក់ចំនួនទីតាំងអាងទឹកស្តុក ទឹកនិងផ្ទៃដីស្រែប្រជាកសិករនៅខេត្តបាត់ដំបង ដោយបានបញ្ជាក់ថាខេត្តបាត់ដំបងជាខេត្តមួយដែលប្រជាពលរដ្ឋភាគច្រើនជាកសិករ និង ជាខេត្តមួយដែលមានដីសំបូរទៅដោយជីជាតិក្នុងការប្រកបរបរកសិកម្ម ជាមួយគ្នានេះផងដែរ ខេត្តបាត់ដំបងមានប្រភពទឹកសំខាន់ៗចំនួន៤ រួមមាន៖ ១,ស្ទឹងបវេល ២,អាងកំពីងពួយ ៣,ស្ទឹងសង្កែ ៤,ស្ទឹងមោងឬស្សីហើយ ។
ក្នុងចំណោមប្រភពទឹកសំខាន់ទាំង៤នេះ ខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្រ្តដូចជាៈ១-.ប្រព័ន្ធធារាសាស្រ្តខ្នាតតូចចំនួន៦៥ កន្លែង, ២-.ប្រព័ន្ធធារាសាស្រ្តខ្នាតមធ្យមចំនួន ៣៦ កន្លែង, ៣-.ប្រព័ន្ធធារាសាស្រ្តខ្នាតធំចំនួន ៦ កន្លែង ក្រៅពីប្រព័ន្ធធារាសាស្ត្រ បច្ចុប្បន្នខេត្តមានគម្រោងថ្មីដែលបានកំពុងចាប់ដំណើរការសាងសង់ រួមមាន៖
១-គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ, ២-គម្រោងអភិវឌ្ឍន៍អាងដូនទ្រី ស្ថិតក្នុងឃុំបាសាក់ ស្រុករុក្ខគីរី។
កិច្ចប្រជុំផ្សព្វផ្សាយនេះបានផ្តោតសំខាន់ ការការពារជាមុនដើម្បីបងប្អូនបានចៀសផុតពីការខ្វះទឹកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ហេតុដូចនេះបន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយនេះខ្ញុំសូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជួយផ្សព្វផ្សាយបន្តឲ្យបានដល់ប្រជាពលរដ្ឋគ្រប់រូបបានយល់ដឹងបានគ្រប់ៗគ្នាផង។
ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម មានលើកឡើងថា យោងតាមការព្យាករ ក៏ដូចជាស្ថានភាពជាក់ស្តែងបានបង្ហាញយ៉ាងច្បាស់ថាក្នុងឆ្នាំ ២០១៩នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរពីបាតុភូត អែលនីណូ(El Nino)ដោយបានបង្កឲ្យមានកត្តាអវិជ្ជមានជាច្រើន ដូចជាធាតុអាកាសមានសភាពក្តៅហួតហែងខ្លាំង រដូវវស្សាមកដល់មានសភាពយឺតយ៉ាវ របាយទឹកភ្លៀងមានភាពរអាក់រអួលមិនស្មើគ្នា របបទឹកទន្លេមេគង្គមានការប្រែប្រួលខ្លាំងពិសេសជំនន់ មានតែមួយលើក ហើយបន្ទាប់មក ក៏បានស្រកចុះជាបន្តបន្ទាប់ដល់កម្រិតទាបបំផុតមួយដែលមិនធ្លាប់ជួបប្រទះក្នុងរយៈកាលកន្លងមក។ បើទោះបី ជាចាប់ពីខែកក្កដា ឆ្នាំ ២០១៩បាតុភូត អែលនីណូ បានថមថយឥទ្ធិពលជាបណ្តើរៗ។
ឯកឧត្តម ចាន់ យុត្ថា បានបញ្ជាក់ថាទន្ទឹមនឹងអាងទឹក នាពេកកន្លង មកបានរក្សាទឹកទុកស្ទើរតែ១០០ភាគរយក្នុងក្របខ័ណ្ឌទូទាំងប្រទេសយ៉ាងណាក្តីបញ្ហាគ្រប់គ្រង និងប្រើប្រាស់ទឹកនៅតែត្រូវបានចាត់ទុកជាអាទិភាព ដើម្បីបម្រើឲ្យស្រូវធ្ងន់ចុងរដូវវស្សា និងស្រូវរដូវប្រាំ) ២០១៩ -២០២០ និង ការប្រើប្រាស់ប្រចាំថ្ងៃរហូតដល់មានភ្លៀងកក់ខែនាឆ្នាំថ្មីបន្ត ។
ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចខាងក្រោម ៖
១- ការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ ២០១៩-២០២០ គឺអាចធ្វើបានតែ១ដង ប៉ុណ្ណោះដោយមិនអាចធ្វើស្រូវប្រាំងលើកទី២បានទេ បើទោះបីជាទឹកនៅតាមបណ្តាអាង ដែលបានរក្សាទុកនិងកន្លែងមួយចំនួន ដែលមានទឹកជាធម្មជាតិក៏ដោយ គួរគប្បីរក្សាទឹកទាំងនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដំណាំរួមផ្សំផ្សេងទៀតក្រៅពីស្រែូវ ។
២- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវចូលរូបចាត់វិធានការថែរក្សាទឹកទុកឲ្យបានល្អ ដើម្បីផ្គត់ផ្គង់សម្រាប់តែការប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ រហូតដល់ពេលមានភ្លៀងធ្លាក់ល្អប្រសើរ
ឡើងវិញ ។
ឯកឧត្តម ចាន់ យុត្ថា បានបន្ថែមថា ដើម្បីផ្សព្វផ្សាយសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការចាត់វិធានការថែរក្សាទឹកទុក និងបញ្ជៀតព័ត៌មាននេះ សូមអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធយកទៅជម្រាបជូនទៅប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យពួកគាត់បានជ្រាបបានដឹងច្បាស់លាស់ដើម្បីសហការផងដែរ។
ក្រោយកម្មវិធីចប់គណ:អធិបតីបានជូនថវិកាដល់ចូលរួមទាំងអស់ក្នុងម្នាក់ទទួលបាន៤ម៉ឺនរៀល រួចបន្តចុះពិនិត្យមើលទីតាំងអាងស្តុកទឹកនានានិងទិដ្ឋភាពស្រែកសិករនៅតាមបណ្តាស្រុកមួយចំនួនផងដែរ៕