កាលពីព្រឹកថ្ងៃសុក្រ ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី១ខ្នង មាន៣បន្ទប់ បង្គន់អនាម័យ១ខ្នង មាន២បន្ទប់ ផ្លូវបេតុងក្នុងបរិវេណសាលា ព្រមទាំងបំពាក់នូវគ្រឿងសង្ហារឹម និងឧបទេសសិក្សាមួយចំនួន ដែលជាអំណោយ របស់លោក ប៊្រែន ឌីន ( Mr.Brain Dean) ជាសប្បុរសជនសហរដ្ឋអាម៉េរិក តាមរយៈ អង្គការ ខេមបូឌៀន វីឡេក ហ្វាន់ (Cambodian Village Fund) នៅសាលាបឋមសិក្សា បៀលណាន់ស៊ីកូនខ្លុង ស្ថិតក្នុងភូមិ កូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ក្នុងពិធីសម្ពោធនេះ តំណាងម្ចាស់ជំនួយបានថ្លែងថា ពួកយើងបានបរិច្ចាគថវិកាដែលបានមកពីការកៀងគរពីសប្បុរសជននៅសហរដ្ឋអាម៉េរិក ដើម្បីបរិច្ចាគថវិកាមួយចំនួនក្នុងការជួយកសាងសាលារៀននេះ។ ខ្ញុំសង្ឃឹមថា ក្មួយៗ និងអ្នកគ្រូនៅទីនេះ និងប្រជាពលរដ្ឋជាពិសេសអាជ្ញាធរនឹងបន្តថែរក្សាសមិទ្ធផលនេះ ដើម្បីជាប្រយោជន៍សាធារណៈសម្រាប់កូនចៅក្មួយៗ និងមនុស្សជំនាន់ក្រោយៗទៀត។
ជាមួយគ្នានេះ ឯកឧត្តម អ៊ុយ សុធាវី បានមានប្រសាសន៍ថា គោលនយោបាយជាអាទិភាពរបសរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអប់រំ គឺ អនុវត្តនូវគោលការណ៍អប់រំសម្រាប់ទាំងអស់គ្នា ដោយធានាឲ្យបានឲ្យសិស្សទាំងអស់អាចចូលរៀនបាន ដោយស្មើភាពគ្នា និងប្រកបដោយគុណភាពខ្ពស់។ ការអប់រំសម្រាប់ទាំងអស់គ្នានេះ ក៏ទាមទារឲ្យមានការផ្តល់នូវអាទិភាពដល់ សិស្សក្រីក្របានចូលរៀនចាប់ពីថ្នាក់បឋមសិក្សាឡើងទៅផងដែរ។ វិស៏យអប់រំ គឺៈជាចំណុចគោលដៅគន្លឹះនៅក្នុងទស្សនវិស័យអភិវឌ្ឍន៍យូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជានូវក្នុងការកែលម្អប្រព័ន្ធអប់រំ ដើម្បីឲ្យសេវាអប់រំកាន់តែជ្រាបចូលទៅដល់តំបន់ជនបទដែលពុំមានលទ្ធភាពក្នុងការទទួលបាននូវការអប់រំទូលំទូលាយ និងជាផ្នែកមួយដ៏សំខាន់នៃយុទ្ធ សាស្ត្រកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តមបានចាត់ទុកអគារសិក្សាថ្មីនេះ វាពិតជាបម្រើសេចក្តីត្រូវការ និងពីតម្រូវការចាំបាច់ក្នុងការសិក្សារបស់ក្មួយៗនៅទីនេះ និងជាការឆ្លើយតបបានទាន់ពេលវេលាស្របតាមគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ ដើម្បីការកសាងនូវធនធានមនុស្សប្រកបដោយ សមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ ឯកឧត្តមបានសំណូមពរ និង អំពាវនាវដល់មាតាបិតា និងអាណាព្យាបាលសិស្សត្រូវបន្តយកចិត្តទុកដាក់ក្នុងការជំរុញកូនចៅឲ្យខិតខំប្រឹងប្រែងរៀនសូត្រព្រមទាំងចេះតាមដាននូវការសិក្សារបស់សិស្សនិងកូនៗខ្លួនដោយធ្វើយ៉ាងណាឲ្យបានរៀនចប់ថ្នាក់ទី៩ ស្របតាមកម្ម វិធីអប់រំសំរាប់កុមារ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ម្ចាស់មូលនីធិដែលជាដៃគូអភិវឌ្ឍន៍ក្នុងខេត្ត និងសហគមន៍អន្តរជាតិ ជាពិសេសសប្បុរសជនផ្ទាល់ តាមរយៈដៃគូនានាកន្លងមក ដើម្បីខិតខំបន្តជួយបន្ថែមទៀតលើវិស័យផ្សេងៗដើម្បីជួយជំរុញដល់ការអភិវឌ្ឍរីកចម្រើននៅក្នុងស្រុកមោងឫស្សី និងបណ្តាស្រុកដទៃទៀតនៅក្នុងខេត្តបាត់ដំបង ៕