ព្រឹកថ្ងៃអង្គារ៍ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមអធិបតីភាពក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាបឋមសិក្សាព្រះពន្លា នូវអគារសិក្សា ១ ខ្នង ស្មើនឹង ៤ បន្ទប់ និងបន្ទប់ទឹក ១ ខ្នង ស្មើនឹង ៤ បន្ទប់ ដែលជាអំណាយរបស់អង្គការសម្រេចក្តីសុបិនកុមារកម្ពុជា ដែលស្ថិតនៅភូមិព្រះពន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល ដោយមានការអញ្ជើញចូលរួម លោក គឹម វណ្ណៈ អភិបាលស្រុកថ្មគោល កម្លាំងប្រដាប់ ការិយាល័យនានាជុំវិញស្រុក មេឃុំ មេភូមិ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
លោក សឿម ប៊ុនរិទ្ធិ បានថ្លៃងអំណរគុណដល់លោក ម៉ាក ថូម៉ាសជេននី (Mr Marc Thomas jenni) សហស្ថាបនិកសមាគមនសម្រេចក្តីសុបិនកុមារ ជាពិសេលោកស្រី ម៉ាគី (Maky )និងលោក ភីធ័រខាប (peter kapp) ដែលជាម្ចាស់ជំនួយផ្ទាល់ ដែលបានជួយឧបត្ថម្ភក្នុងការសាងសងអគារសិក្សា ១ ខ្នងនេះ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្សត្រូវបន្តខិតខំរៀនសូត្របានឱ្យបានពូកែ ដោយឡែកឪពុកម្តាយត្រូវជំរុញកូនចៅរបស់ខ្លួនឲ្យបានចូលរៀនសូត្រគ្រប់ៗគ្នា កុំបណ្តែតបណ្តោយឲ្យកូនរបស់ខ្លួននៅផ្ទះ ហើយបានរៀនសូត្រចេះ ដូចអ្នកនៅទីប្រជុំជន ដោយគិតថា ឲ្យកូនរៀនត្រឹមចេះអានចេះសរសេររួមមកធ្វើចំការវិញគ្រប់គ្រាន់ហើយ។
លោក សឿម ប៊ុនរិទ្ធិ បន្តទៀតថា ការគិតបែបនោះជាការមិនត្រឹមត្រូវ ដែលធ្វើកូនចៅរបស់ខ្លួនមិនមានរីកចម្រើ និងរៀនសូត្របានជ្រៅជ្រះដូចអ្នករស់នៅទីប្រជុំជន ដូច្នេះត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីជាសសរទ្រូងប្រទេសជាតិដ៏រឹងផងដែរ។
លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមទៀតថា នៅពេលនេះយើងបានអគារសិក្សាថ្មី បន្ទប់ទឹកថ្មី ដូច្នេះ សូមក្មួយៗ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ រួមគ្នាជួយថែទាំ សម្អាត សាលារៀន និងបន្ទប់ទឹក ដើម្បីអនាយ័យល្អស្អាត និងដើម្បីប្រើប្រាស់បានយូរអង្វែងផងដែរ។
បន្ទាប់ពីពិធីសំណេះសំណាលត្រូវបានបញ្ចប់គណៈអធិបតីអញ្ជើញកាត់ខ្សែបូរ ចែកកាបូបដល់ក្មួយៗសិស្សានុសិស្ស និងថតរូបទុក្ខជាអនុវស្សាវរីយ៍ផងដែរ៕ ខាងក្រោមមានវីដេអូរ ៖