(សាលាស្រុកសំឡូត)៖ ថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩
ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្ត ជាតំណាងឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់ថ្នាក់ដឹកនាំ គណៈអភិបាលស្រុក អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការចំណុះរដ្ឋបាលស្រុកសំឡូត ត្រូវខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ ប្រព្រឹត្តនូវអំពើល្អជាមួយរាស្ត្រ ដើម្បីឲ្យរាស្ត្រស្រឡាញ់ មានទំនុកចិត្ត បន្តគាំទ្រយើង។ ពិសេសទៀតនោះ គឺរាស្ត្របានបោះឆ្នោតគាំទ្រនូវ គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការដឹកនាំរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ការថ្លែងដាស់តឿនបែបនេះ គឺនៅក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតី នៅក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងថ្មីជាអភិបាលរងស្រុកសំឡូត ចំនួន០២រូប គឺ១)លោក សោម មុនី ឋានន្តរស័ក្តិវរៈមន្ត្រីថ្នាក់លេខ២ និង២) លោកស្រី គឹម ហាន ឋានន្តរស័ក្តិនាយក្រមការថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលស្រុកសំឡូត ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៥ខែមករាម្សិលមិញ។
ឯកឧត្តម សឿម ប៊ុនរិទ្ធិ បានគូសបញ្ជាក់បន្ថែមថា ការប្រកាសចូលកាន់មុខតំណែងរបស់លោក លោកស្រី ជាអភិបាលរងស្រុកសំឡូតនេះ គឺអនុលោមទៅតាមច្បាប់គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង ដើម្បីបំពេញ នូវរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រង និងការទទួលខុសត្រូវលើការងារគ្រប់វិស័យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តមក៏បានសង្កត់ធ្ងន់ផងដែរ ដោយបានផ្តាំផ្ញើ និងធ្វើការណែនាំដោយបានក្រើនរំលឹក ដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុកសំឡូតគ្រប់ថ្នាក់គឺត្រូវបន្តការកសាង និងធ្វើអំពើល្អ ដើម្បីឲ្យប្រជាជនស្រឡាញ់ និងគាំទ្រ។អ្វីដែលផ្តោតសំខាន់ទៀតនោះ គឺការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែសកម្មល្អ។ ចៀសវាងកុំបង្កបញ្ហាស្មុគស្មាញក្នុងការបម្រើសេវាដែលជាតម្រូវការចាំបាច់ ចំពោះមុខរបស់គាត់ ដូចជា៖ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ សំបុត្រមរណភាព និងការផ្តល់ប័ណ្ណព្រំដែនជូនដល់ប្រជាជននៅតាមបណ្តាស្រុក ដោយមិនត្រូវយកប្រាក់កម្រៃលើសពីការកំណត់ក្នុងសេចក្តីណែនាំក្នុងច្បាប់នោះឡើយ។ (មានវីឌីអូរខាងក្រោម)






