នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ទទួលជួបពិភាក្សាជាមួយក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានធ្វើបទបង្ហាញអំពីប្រព័ន្ធគ្រប់គ្រងអំពូល និងពីអត្ថប្រយោជន៍នៃការប្រើប្រាស់អំភ្លើងបំភ្លឺផ្លូវសាធារណ: ដើម្បីអនុវត្តគម្រោងទីក្រុងឆ្លាត នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋបាលខេត្ត លោកអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកអភិបាលក្រុង លោកនាយកទីចាត់ការផែនការ និងវិនោយោគសាលាខេត្ត និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកអគ្គនាយករងក្រុមហ៊ុន Minebea Mitsumi ជប៉ុន បានពន្យល់និងធ្វើបទបង្ហាញនៅលើស្លាយពីរបៀបប្រើប្រាស់អំពូលដែលមានគុណភាព ដោយមានការសន្សំសំចៃថវិកាថ្លៃភ្លើង ហើយលម្អសោភ័ណភាពក្នុងទីក្រុងបាត់ដំបងបានជាប់ឈ្មោះជាទីក្រុងឆ្លាតផងដែរ។
នៅក្នុងឱកាសនោះដែរ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបានឲ្យមន្រ្តីពាក់ព័ន្ធលើកជាសំនួរ សួរទៅភាគីក្រមហ៊ុនដើម្បីធ្វើការបកស្រាយនិងពន្យល់បន្ថែមរាល់ចម្ងល់ទាំងឡាយឲ្យបានយល់ទាំងអស់គ្នានិងច្បាស់លាស់។
លោកអភិបាលរងខេត្តបានស្វាគមន៍ដល់អគ្គនាយករងក្រុមហ៊ុននិងសហការីភាគីជប៉ុន នឹងរងចាំពភាក្សាគ្នាសិនមុននឹងជាវផលិតផលពីក្រុមហ៊ុន ស្របពេលកន្លងមកដែលក្រុមហ៊ុននេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការនៅភ្នំពេញ នឹងនៅក្នុងប្រទេសកម្ពុជាមានទីក្រុងឆ្លាត ដែលមានចំណាត់ចំនួន ៣ ខេត្ត បានជាប់ទីក្រុងឆ្លាតនេះ គឺរាជធានីភ្នំពេញ ខេត្តសៀមរាបម និងខេត្តបាត់ដំបងមុនគេ៕