ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី សុំ ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត និងអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយស្តីពីការទប់ស្កាត់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយ សុវត្ថិភាព និងឱកាសស្វែងរកការងារក្នុងស្រុក នៅសាលាស្រុកសង្កែ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក នាយក នាយករងស្រុក ការិយាល័យជំនាញជុំវិញស្រុក អធិការដ្ឋាននគរបាលស្រុក បញ្ជាការដ្ឋាននគរបាលស្រុក មេឃុំ មេប៉ុស្តិ៍ គ.ក.ន.ក ឃុំ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងអង្គការដៃគូរនានាប្រមាណជិត ៥០០ នាក់។
បន្ទាប់ពីលោក សុខ ហឿន អភិបាលនៃគណៈអភិបាលស្រុក មានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបរួចមក លោកស្រី សុំ ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ក៏បានថ្លែងអំណរគុណដល់អង្គការសាម៉ារីតាន់ភឺស ដែលបានសហការគាំទ្រ និងរដ្ឋបាលស្រុកដែលរៀបចំកម្មវិធីនេះឡើង។
លោកស្រី សុំ ចិន្តា បន្តជម្រាបអំពីគោលបំណងនៃការធ្វើអង្គវេទិកា ដើម្បីជួយបងប្អូនប្រជាពលរដ្ឋឱ្យបានយល់ច្បាស់អំពីល្បិចកិចកលរបស់នខិលខូចបោកប្រាស់យកទៅជួញដូរមនុស្ស តាមរូបភាពផ្សេងៗ ដូចជា ការជួញដូរផ្លូវភេទ ការជួញដូរកម្លាំងពលកម្ម ការជួញដូរសរីរាង្គ និងការពពោះជំនួស ។
លោកស្រី អភិបាលរងនៃគណៈអភិបាលខេត្ត បានបន្តទៀត ការផ្សព្វផ្សាយនាថ្ងៃនេះ គឺឲ្យបងប្អូនប្រជាពលរដ្ឋ បានយល់ដឹងអំពីសកម្មផ្សេងៗពីការទប់ស្តាត់ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព និងឱកាសស្វែងរកការងារក្នុងស្រុក ហើយបងប្អូនប្រពលរដ្ឋបានធ្វើការចំណាកស្រុក ក្នុងគោលដៅតែមួយគត់ គឺធ្វើឲ្យប្រសើរឡើងនូវស្ថានភាព ជីវភាពរស់នៅដោយរំពឹងថានឹងទទួលបានការងារល្អ រកប្រាក់ចំណូលខ្ពស់ និងជីវភាពប្រសើរជាងមុន។
សូមជម្រាបជូនផងដែរថា នៅក្នុងអង្គវេទិកានេះក៏ផ្សព្វផ្សាយផ្សេងៗរបស់វាគ្មិនដែលអញ្ជើញមកពីស្នងការដ្ឋាននគរបាលខេត្ត មន្ទីរកិច្ចការនារីខេត្ត មន្ទីរបណ្តុះបណ្តាល និងវិជ្ជាជីវៈខេត្ត និងមជ្ឈមណ្ឌលការងារខេតផងដែរ ។
សូមបញ្ជាក់ថា ក្នុងអង្គវេទិកាក៏មានសួរសំនួរ របស់បងប្រជាពលរដ្ឋ ដើម្បីឱ្យវាគ្មិនធ្វើការបកស្រាយបន្ថែមក្នុងអង្គវេទិកាផងដែរ៕