ព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅបរិវេណវិទ្យាល័យនេតយ៉ង់ ក្រុងបាត់ដំបង ។
ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មកពីបណ្តាវិទ្យាល័យផ្សេងៗក្នុងក្រុងបាត់ដំប បានចូលរួមយ៉ាងច្រើនកុះករ ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានឡើងអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាស បើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ។
បន្ទាប់ពីអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេសជាតិ និងជាមូលធនមនុស្សប្រកបដោយគុណភាព មានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិឲ្យមានការរីកចម្រើន ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដ៏ទៃ៕