រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង រៀបចំប្រារព្ធពិធី គោរពព្រះវិញ្ញាណក្ខ័ន្ធព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋនាគម្រប់ខួប៧ឆ្នាំ

  • 2.8ពាន់
  • ដោយ Sotheavy

ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាព លោកគ្រូ អ្នកគ្រូ យុវជន សសយក សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក និងកងម្លាំងប្រដាប់អាវុធ អាជ្ញាធរដោះមីន ស៊ីម៉ាក ជាច្រើនអញ្ជើញចូលរួម គោរពព្រះវិញ្ញាណក្ខ័ន្ធគំរបខួប៧ឆ្នាំ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុបន្ទាប់ពីព្រះអង្គយាងចូលទិវង្គត កាលពីថ្ងៃទី១៥ តុលា ឆ្នាំ២០១២ ដើម្បីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅបរិវេណវត្តពោវាល ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ធ្វើការគោរពវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបរមរតនកោដ្ឋ ព្រះសង្ឃជយន្តោ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ព្រមទាំងអ្នកចូលរួមក៏បានប្រគេនសាដកនិងបច្ច័យដល់ព្រះសង្ឃចំនួន ៩ អង្គដើម្បីថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះករុណាព្រះបរមរតនកោដ្ឋ និង ចែកជូនថវិកាមួយចំនួនដល់យាយជីតាជីផងដែរ ។

សូមជម្រាបជូនថាព្រះករុណាសម្តេចព្រះបាទនរោត្តមសីហនុ ព្រះអង្គប្រសូត្រ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២នៅរាជធានីភ្នំពេញ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១ ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យបានទាំងស្រុងពីអាណានិគមបារាំងនៅថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ១៩៥៣។

បន្ទាប់មកព្រះអង្គជាព្រះប្រមុខរដ្ឋ ព្រះអង្គមានស្នាមព្រហស្ថ ធំធេង ឧត្តុងឧត្តម កសាងអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចំរើនគួរអោយកត់សំគាល់។

សមិទ្ធផលទាំងនោះមាន សកលវិទ្យាល័យ មហាវិទ្យាល័យ ជាច្រើនជំនាញ ស្ថានីយទូរទស្សន៍ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រោងចក្រចំរាញ់ប្រេងកាត រោងចក្រស្រាបៀរ រោងចក្រតំឡើងត្រាក់ទ័រ និង រថយន្តធំ រោងចក្រស្កស រោងចក្រវាយនភ័ណ្ឌ រោងចក្រក្រចៅ រោងចក្រស៊ីម៉ង់ រោងចក្រកែវ រោងចក្រក្តាបន្ទះ រោងចក្រក្រដាស់ រោងចក្រជី រោងចក្រកង់ឡាន រោងចក្រត្រីខប្រអប់ រោងចក្រផលិតជ័រកៅស៊ូ រោងចក្រវារីអគ្គិសនី និង សមិទ្ធិផលច្រើនទៀតនៅតាមបណ្តាខេត្ត ស្រុក មានសាលារៀន មន្ទីរពេទ្យ ទំនប់ប្រឡាយ ស្ពានថ្នល់ជាដើម។ ព្រះអង្គបានទទួលរងគ្រោះដោយរដ្ឋប្រហារមិនស្របច្បាប់មួយនៅភ្នំពេញគឺជារដ្ឋប្រហារយោធាដែលមានលន់ នល់ ជាមេក្លោងនៅថ្ងៃអង្គារ ទី១៨ ខែមិថុនា ឆ្នាំ១៩៧០។ ព្រះអង្គបានធ្វើព្រះរាជមាតុភូមិនិវត្តន៍មកកាន់រាជធានីភ្នំពេញវិញនៅថ្ងៃ អង្គារ ទី១៤ ខែ វិច្ឆិកា ឆ្នាំ១៩៩១ ព្រះអង្គបានគង់ជាម្លប់សំរាប់ប្រជារាស្រ្តរហូតដល់ព្រះអង្គយាងចូលព្រះទីវង្គតនៅវេលាម៉ោង១ និង ២០នាទី យប់រំលងអាធ្រាត ម៉ោងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅមន្ទីរពេទ្យមួយក្នុងក្រុងប៉េកាំងប្រទេសចិន ក្នុងព្រះជន្ម៩០ព្រះវស្សាដោយព្រះជរាពាធ។

អត្ថបទទាក់ទង