ព្រឹកថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ខេត្តបាត់ដំបង នៅបរិវេណសាលាស្រុកសង្កែ ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ចំណុះឲ្យរដ្ឋបាលស្រុក ។
សូមជម្រាបថា ត្រូវបានប្រកាសតែងតាំងលោក សុខ ហឿន ជាអភិបាល នៃគណៈអភិបាលស្រុកសង្កែ ខេត្តបាត់ដំបង និងលោក ឌី ពៅ ជាអភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ខេត្តបាត់ដំបង ។
លោក សុខ ហឿន អភិបាល នៃគណៈអភិបាលស្រុកសង្កែ និងលោក ឌី ពៅ អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ដែលទើបប្រកាសតែងតាំងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្ត ជូនដល់គណៈអធិបតី និងអង្គពិធីទាំងមូល នឹងបន្តអនុវត្តកិច្ចការងារឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការកំណែទម្រង់ និងចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុងក្នុងការដឹកនាំ គ្រប់គ្រង ផ្តល់ការយកចិត្តទុកដាក់ការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ។ល។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់ លោក អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកសង្កែ ដែលទើបប្រកាសតែងតាំងថ្មី និងបានកោតសរសើរចំពោះការដឹកនាំកន្លងមក ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ក៏បានបន្តទៀតថា ត្រូវមានការសហការសាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើ និងថ្នាក់ក្រោម ត្រូវបន្តយកចិត្តទុកដាក់លើកការសម្របសម្រួលដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ជំរុញបន្ថែមការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព គុណភាព និងតម្លាភាព ។