(បាត់ដំបង) ÷ថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបងបើកកិច្ចប្រជុំជាមន្រ្តីរាជការក្នុងរចនាសម្ព័ន្ធសាលាខេត្ត ដើម្បី ពិភាក្សាការងារត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការ អញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ ប្រធានអង្គ និងមន្រ្តីរាជការចំណុះឲ្យសាលាខេត្ត។
បន្ទាប់ពីលោក ឆាយ ម៉ាទីណាល់ នាយករដ្ឋបាលសាលាខេត្ត បានឡើងរាយការណ៍ពីការរៀបចំ ក្រុមការងារដោយបានបែងចែកជាក្រុមទទួលខុសត្រូវតាមជំនាញរៀងៗខ្លួន ដែលកម្មវិធីនេះនឹងត្រូវធ្វើ ឡើងរយ:ពេល២ថ្ងៃ គឺថ្ងៃទី២៧ ដល់ ថ្ងៃទី២៨ ខែកុម្ភ:ឆ្នាំ២០១៩ ក្នុងនោះនៅថ្ងៃទី១ បើកសន្និបាត នៅសាលាខេត្តបាត់ដំបងក្រោមអធិបតីភាពឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្ត ថ្ងៃទី២ ជាថ្ងៃបិទសន្និបាទធ្វើនៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលមហោស្រពស្ទឹងសង្កែ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ឯកឧត្តម ងួន រតន: មានប្រសាសន៍ថា យើងត្រូវត្រួតពិនិត្យរបាយការណ៍នានាលើគ្រប់វិស័យរបស់ បណ្តាមន្ទីរ អង្គភាពនានា និងអង្គភាពជំនាញនានាក្នុងសាលាខេត្ត និងចាត់តាំងមន្រ្តីសម្របសម្រួល មន្ត្រីទទួលខុសត្រូវរៀបចំកម្មវិធីសន្និបាតនេះឱ្យប្រព្រឹត្តទៅបានយ៉ាងរលូន។
ឯកឧត្តម បានបញ្ជាក់ប្រាប់ដល់មន្រ្តីសាលាខេត្តទាំងអស់ថា ចំពោះក្រុមការងាររៀបចំចាត់ចែងដំណើរការ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និង លើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ត្រូវទទួលខុសត្រូវទៅតាមភារកិច្ចដែលបានចាត់តាំង ។ នៅក្នុងអង្គសន្និបាត បូកសរុបលទ្ធផលការងាររដ្ឋបាលខេត្ត ក្រុមពិភាក្សាសម្រាប់ធ្វើបទអន្តរាគមននីមួយៗ ត្រូវបញ្ចូល ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តជាប្រធានក្រុម ដើម្បីដឹកនាំពិភាក្សាតាមវិស័យនីមួយៗ ដែលត្រូវទទួលបន្ទុកបន្ទុករៀងៗខ្លួន និងតម្រូវឲ្យអង្គភាពនានា ឡើងធ្វើបទបង្ហាញពីលទ្ធផល ការងាររបស់ខ្លួននៅក្នុងអង្គសន្និបាទ ដើម្បីឆ្លុះបញ្ចាំងពីចំណុចខ្សោយ ចំណុចខ្លាំង រកគន្លិះនិងបទពិសោធន៍ល្អៗសម្រាប់យកទៅអនុវត្តការងារបន្តនៅឆ្នាំបន្ទាប់។
លោក ឆាយ ម៉ាទីណាល់ បានបន្តកិច្ចប្រជុំនេះដើម្បីបញ្ជាក់បន្ថែមពីការបែងចែកការងារ និងបន្តប្រជុំក្រុមការងារជំនាញនៅពេលក្រោយទៀតរហូតដល់ពិធីសន្និបាទបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្ត២០១៨និងលើកទិសដៅបន្តបានបញ្ចប់ដោយជោគជ័យផងដែរ។