ព្រឹកថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអគ្គលេខាធិការរងនៃគណៈលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវិបស្សនាស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:នៃរាជរដ្ឋាភិបាលកម្ពុជា÷វឌ្ឍនភាពនៃការគ្រប់គ្រងចំណូលនិងការចាត់ចែងចំណាយសាធារណ: នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់រដ្ឋបាលក្រុង ស្រុក មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ត្រីជំនាញក្នុងខេត្ត សាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត កងរាជធាវុធហត្ថខេត្ត សាខាពន្ធដារ គយនិងរដ្ឋាករ រតនាគារ ដែលអ្នកចូលរួមសរុបប្រមាណ ៣៥០ នាក់។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា កន្លងមករដ្ឋបាលខេត្ត បានសម្របសម្រួល និងសហការរៀបចំនូវកម្មវិធីសិក្ខាសាលាផ្សេងៗ ពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ សម្រាប់ការផ្សព្វផ្សាយបញ្ជាបចំណេះដឹងអំពើគោលនយោបាយរបល់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ ជូនថ្នាក់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ។
ឯកឧត្តម អភិបាលខេត្តបានបន្តទៀតថា នេះជាលើកទី៣ ហើយដែលរដ្ឋបាលខេត្តបានសម្របសម្រួលសហការជាមួយអគ្គលេខាធិការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមកម្មវិធីវិបស្សនាបែបនេះ ដែលផ្តោត និងផ្តល់សារៈសំខាន់ការស្វែងយល់ស៊ីជម្រៅ បញ្ជេញមតិយោបល់ សំណួរចម្លើយ និងទស្សនៈរបស់អ្នកចូលរួមជាមន្ត្រីរាជការផងដែរ៕