រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ការអន្តរាគមន៍ បូមទឹក និងស្តារប្រឡាយដើម្បីនាំទឹកសម្រាប់ប្រើប្រាស់ជូនប្រជាពលរដ្ឋប្រមាណ ២៨.០០០ គ្រួសារ ក្នុងស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

  • 1.3ពាន់
  • ដោយ SokMean

ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តបាត់ដំបង ចុះពិនិត្យការអន្តរាគមន៍ បូមទឹក និងស្តារប្រឡាយដើម្បីនាំទឹកសម្រាប់ប្រើប្រាស់ជូនប្រជាពលរដ្ឋប្រមាណ ២៨.០០០ គ្រួសារ ក្នុងស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យការអន្តរាគមន៍ បូមទឹក និងស្តារប្រឡាយដើម្បីនាំទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងឃុំមួយចំនួនរបស់ស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ខេត្តបាតដំបង ។ ក្នុងការចុះអន្តរាគមន៍ក៏មានការចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុកមោងឬស្សី អភិបាលស្រុកគាស់ក្រឡ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។

សូមជម្រាបថា ទឹកដែលបញ្ជូនមកពីស្រុករតនមណ្ឌល បានចូលមកដល់ទីប្រជុំជនស្រុកមោងឬស្សី ខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ ហើយការបញ្ជូនទឹកនេះ មានចម្ងាយប្រមាណ ១០០ គម ដោយប្រើម៉ាសុីនបូបទឹករបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។

ក្នុងនោះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានជួយផ្តល់ប្រេងម៉ាស៊ូតចំនួន ៥០០លីត្រ បន្ថែមទៀតដល់រដ្ឋបាលស្រុកគាស់ក្រឡ សម្រាប់បូមទឹកបន្តទៀត ។

ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដែលបានចាត់តាំងក្រុមការងារ ចុះអន្តរាគមន៍ បង្វែរទឹកមកកាន់ស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ។ ឯកឧត្តមអភិបាលខេត្តបន្តថា ប្រសិនបើគ្មានកិច្ចអន្តរាគមន៍នេះទេ នោះប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សីប្រមាណ ១៥.០០០ គ្រួសារ និងស្រុកគាស់ក្រឡប្រមាណ ១៣.០០០ គ្រួសារ នឹងមិនមានទឹកសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ទេ ព្រោះប្រភពទឹកនានានៅក្នុងស្រុកមោងឬស្សី និងស្រុកគាស់ក្រឡបានរីងស្ងួតអស់ទៅហើយ ។

ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារអន្តរាគមន៍ ក្នុងការនាំទឹកនេះ បានសំណូមពរចំពោះឯកឧត្តមអភិបាលខេត្ត សូមជួយតាមដាន និងការពារទំនប់បង្វែរទឹកដែលក្រុមការងារបានរៀបចំកន្លងមក កុំឲ្យមានការបំផ្លាញ និងបង្វែរទឹកទៅកន្លែងផ្សេង និងប្រើប្រាស់ក្នុងគោលដៅផ្សេង ព្រោះថា ទឹកដែលក្រុមការងារបញ្ជូនមកពេលនេះ គឺសម្រាប់តែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមោងឬស្សី និងស្រុកគាស់ក្រឡ ប៉ុណ្ណោះ ៕

អត្ថបទទាក់ទង