រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ ទទួលជួបពិភាក្សា ស្តីពីការត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្រ្តខេត្ត ជាមួយឯកឧត្តមឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស

  • 1.6ពាន់
  • ដោយ Admin

ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជួបពិភាក្សាជាមួយគណៈប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងភូមិសាស្រ្តខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយការអញ្ជើញចូលរួមពី មេបញ្ជាការសឹងរងខេត្ត មេបញ្ជាការ បញ្ជាការរង កងរាជអាវុធហត្ថខេត្ត ស្នងការដ្ឋាននគរបាលខេត្ត ព្រះរាជអាជ្ញារសាលាដំបូងខេត្ត មន្ទីរកសិកម្មខេត្ត មន្ទីរបរិស្ថានខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍លើកឡើងថា៖ សម្រាប់ខេត្តបាត់ដំបង កងកំលាំងរាជអាវុធហត្ថបានសហការជាមួយជំនាញរាជអាវុធហត្ថថ្នាក់កណ្តាលបានស្រាវជ្រាវរកឃើញនូវវត្ថុតាងបទល្មើសព្រៃឈើរថយន្តកុងចំនួន១០គ្រឿង នេះជាជោគជ័យមួយ ដែលប្រជាពលរដ្ឋក៏ដូចជាមតិមហាជនគាំទ្រ ហើយកិច្ចប្រជុំនាថ្ងៃនេះធ្វើការពិភាក្សាគ្នារវាងសមត្ថកិច្ចពាក់ព័ន្ធ ជាមួយនឹងអាជ្ញាធររកនូវចំណុចរួមមួយធ្វើយ៉ាងណាឲ្យការចុះអនុវត្តការងារបានប្រសើរឡើង ហើយគោលដៅដែលត្រូវត្រួតពិនិត្យទាក់ទងទៅនឹងដីសម្បទាននៅតំបន់អភិរក្ស ត្រូវស្វែងយល់ពីទិន្នន័យទាក់ទង ទៅនឹងតំបន់សម្បទានសេដ្ឋកិច្ច ។ កន្លងមកទាក់ទងទៅនឹងការគ្រប់គ្រង រដ្ឋបាលថ្នាក់ក្រោមជាតិបានធ្វើការ ចុះបញ្ជីដីបានដោះស្រាយផលប៉ះពាល់ជាពិសេស នៅក្នុងយន្តការនៃការអនុវត្តបទបញ្ជា០១ របស់រាជរដ្ឋាភិបាលបានធ្វើការចុះបញ្ជី ឈានដល់ចេញប័ណ្ណកម្មសិទ្ធសម្បទាន ជូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហុង វិណុល បានមានប្រសាសន៍កើតសរសើរចំពោះរដ្ឋបាលខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលកន្លងមកបានធ្វើការចុះបង្រ្កាបស្រាវជ្រាវរកឃើញនូវវត្ថុតាងបទល្មើសព្រៃឈើរថយន្តកុងចំនួន១០គ្រឿង ហើយជាគោលការណ៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានគណៈកម្មការរថយន្តនេះត្រូវបំផ្លាញចោល ហើយនៅពេលបំផ្លាញចោលត្រូវជូនព័ត៌មានទៅដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ដើម្បីជ្រាបជាព័ត៌មានជាសវាងនូវគ្រោះថ្នាក់ជាយថាហេតុ ។

បន្ទាប់កិច្ចគណៈប្រតិភូ បានបន្តដំណើរ ចុះទៅពិនិត្យជាក់ស្តែងនៅទីតាំងក្រុមហ៊ុន រដ្ឋ សម្បត្តិ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំឡូត ដើម្បីពិនិត្យមើលស្ថានភាពនៃការប្រតិបត្តិការ របស់ក្រុមហ៊ុន និងពិនិត្យទីតាំងរៀបចំដុតកំទេចចោលរថយន្តកុងទាំង១០គ្រឿងផងដែរ៕

អត្ថបទទាក់ទង