រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អញ្ជើញជាអធិបតីភាពក្នុងការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានទំនាស់រ៉ាំរ៉ៃជិត ១៥ ឆ្នាំ នៅឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង

  • 2.8ពាន់
  • ដោយ Admin

រសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បាត់ដំបង អញ្ជើញជាអធិបតីភាពក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋចំនួន ៦១ ប័ណ្ណ នៅភូមិទួលល្វាង និងភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ដែលមានទំនាស់រាំរ៉ៃជិត ១៥ ឆ្នាំ។

ប្រជាពលរដ្ឋ៦១គ្រួសារ នៅស្រុកសង្កែខេត្តបាត់ដំបង ទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី បន្ទាប់ពីមានទំនាស់រ៉ាំរ៉ៃជិត ១៥ឆ្នាំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ោ ទ្រីឌឿន ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក វណ្ណ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក មេឃុំ បងប្អូនប្រជាពលរដ្ឋ និងអស់លោកពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម ងួន រតនៈ បានថ្លែងថា ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃជិត១៥ឆ្នាំ នៅស្រុកសង្កែកន្លងមកនោះ ត្រូវបានអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីជំនាញ ពិសេសរដ្ឋបាលខេត្ត បានខិតខំធ្វើការដោះស្រាយបញ្ចប់រាល់ទំនាស់ទាំងនោះ ដោយមានការយោគយល់គ្នា មានការសម្បទានគ្នាទៅវិញទៅមកប្រកបដោយជោគជ័យ ឈានដល់ការធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបន្តធ្វើការដោះស្រាយបញ្ចប់ទំនាស់នៅតាមបណ្តាស្រុកនានាបន្ថែមទៀត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទោះជាទំនាស់ដីធ្លីនៅកន្លែងមួយចំនួន នៅតាមស្រុកនានា ដែលបានកើតមានឡើង គឺរឿងដាច់ដោយឡែក ឬខុសៗពីគ្នាក៏ដោយ តែអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសមន្រ្តីជំនាញពាក់ព័ន្ធតែងតែបានសហការគ្នារកវិធីក្នុងការដោះស្រាយរាល់ទំនាស់ដីធ្លី ដើម្បីបញ្ចប់កង្វល់ និងបញ្ហាដីធ្លីជូនប្រជាពលរដ្ឋយើងបានទទួលប័ណ្ណកម្មសិទ្ធទាំងអស់គ្នា។

ឯកឧត្តមបានថ្លៃងបញ្ជាក់ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិនេះថា ក្នុងនោះដែរក្រសួងអភិវឌ្ឍជនបទ មានគម្រោងក្រាលកៅស៊ូ១ខ្សែប្រវែង១៤ គីឡូចាប់ពីផ្លូវជាតិលេខ៥ ចូលតាមផ្លូវវត្តកំណប់រហូតដល់វត្កកណ្តាល ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ដែលគ្រោងអនុវត្តនៅឆ្នាំ២០២០ ខាងមុខនេះ ។

សូមបញ្ជាក់ថា ករណីទីតាំងដីទំនាស់ទាំង ២ភូមិនេះកន្លងមក ដោយសារតែពាក់ព័ន្ធដីចំណីផ្លូវ ដែលជាគម្រោងរបស់ខេត្ត គឺនៅតាមបណ្តោយផ្លូវម្ខាងមានទំហំ២០ម៉ែត្រ ហើយពេលនោះប្រជាពលរដ្ឋមិនព្រមសម្បទានឲ្យ ទើបធ្វើឲ្យមានការអាក់ខានដោយរងចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់។

ប្រជាពលរដ្ឋដែលបានទទួលប័ណ្ណកម្មសិទ្ធិគ្រប់គ្រងដីធ្លី ទាំងអស់បានអបអរសាទរសប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធដែលបានខិតខំជួយប្រជាពលរដ្ឋរហូតមក ឈានដល់សម្រេចបានជោគជ័យ និងចែកប័ណ្ណកម្មសិទ្ធិនាថ្ងៃនេះផងដែរ៕

អត្ថបទទាក់ទង