រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំអភិរក្ស ថែទាំអគារចាស់សាលាខេត្ត ឱ្យក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រខេត្ត

  • 1.3ពាន់
  • ដោយ Admin

រសៀលថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការរៀបចំអភិរក្ស ថែទាំអគារចាស់សាលាខេត្ត ឱ្យក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបង នៅសាលាខេត្តបាត់ដំបង ។

កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពីលោកនាយករដ្ឋសាលាខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុ លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកប្រធានមន្ទីរទេសចរណ៍ខេត្ត តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត តំណាងអ្នកវិនិយោគ និងអស់លោកពាក់ព័ន្ធមួយចំនួន។

សូមជម្រាបជូនថា អគារចាស់សាលាខេត្ត មានទីតាំងស្ថិតនៅក្នុងបរិវេណសាលាខេត្តបាត់ដំបង ផ្លូវលេខ០១ ទល់មុខស្ពានថ្មចាស់ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានអាយុកាល១១៤ ឆ្នាំ (១៩០៥-២០១៩)។

សូមបញ្ជាក់បន្ថែមថា អគារចាស់រដ្ឋបាលខេត្ត បានកសាងឡើងនៅក្នុងសម័យលោកម្ចាស់ កថាថន ឈុំ ពេលដែលខេត្តបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ពីឆ្នាំ១៧៩៥ ដល់១៩០៧ (លោកម្ចាស់ កថាថន ឈុំ គឺជាពូជពង្សរបស់ចៅហ្វាបែន ដែលបានគ្រប់គ្រងខេត្តបាត់ដំបងរហូត ៥ ជំនាន់តៗគ្នា ហើយក្នុងឆ្នាំ១៩០៥ ស្ដេចត្រាញ់ កថាថន ឈុំ បានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន ប៉ុន្តែក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផង ដែលលោកមិនទាន់បានរស់នៅនៅឡើយ ឲ្យមកអាជ្ញាធរបារាំង ។ អគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០១៩។ បច្ចុប្បន្នអាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ដោយមានការដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូត ដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំងផងដែរ៕

អត្ថបទទាក់ទង