រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យ ចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកមខេត្តបាត់ដំបង។

  • 1.8ពាន់
  • ដោយ Admin

ព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្ម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយបើកការិយាល័យ ចុះឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកមខេត្តបាត់ដំបង។

កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី ជាអាជីវករ សេវាករ ពាណិជ្ជករ និងមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនផងដែរ។

សូមជម្រាបជូនថា ការរៀបចំការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង (សម្រាប់អាណត្តិទី១ លើកទី១ បានបង្កើតរួចហើយដោយមានលោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត ជាប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបាត់ដំបង រៀបចំដំណើរការបើកការិយាល័យចុះឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះសភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលមានរយៈពេលមួយខែគិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នេះ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។

លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មខេត្តបាត់ដំបង ឯកឧត្តម វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានី ខេត្ត បានមានប្រសាសន៍ថា ៖ មណ្ឌលសភាពាណិជ្ជកម្មខេត្តបាត់ដំបង -ប៉ៃលិន នាឆ្នាំកន្លងមក ដោយខេត្តប៉ៃលិនពុំទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្កើតសភាពាណិជ្ជកម្មរបស់ខ្លួន ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចូលសភាពាណិជ្ជកម្មខេត្តប៉ៃលិន ចូលក្នុងមណ្ឌលសភាពាណិជ្ជកម្មខេត្តបាត់ដំបង ប៉ៃលិន ដោយយោងតាមមាត្រា១ នៃច្បាប់ស្តីពីសភាពាណិជ្ជកម្ម ហើយបានដំណើរការបោះឆ្នោតបានចំនួន ២លើក រួចមកហើយ ៖ អាណត្តិទី១ លើកទី១ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៤ , អណត្តីទី២ លើកទី ១ នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៥ ។

ដោយផ្អែកតាមស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន មានការរីកចម្រើនគ្រប់វិស័យនៅតាមបណ្ដាលរាជធានី ខេត្ត ទូទាំងប្រទេស បានធ្វើឲ្យខេត្តមួយចំនួន ដូចជាខេត្តប៉ៃលិនជាដើម មានលទ្ធភាពអាចបង្កើតសភាពាណិជ្ជកម្មខេត្តដោយឡែករបស់ខ្លួន ជាហេតុធ្វើឲ្យសភាពាណិជ្ជកម្មខេត្តបាត់ដំបងមិនមានសភាពាណិជ្ជកម្មខេត្តណាមួយចំណុះទៀតទេ ។

លោកអភិបាលរងខេត្តបន្តទៀតថា មកដល់ពេលនេះ ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងរបស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង សម្រាប់អាណត្តិទី១ លើកទី១ ដំណើរការទៅ ដោយមានភាពជោគជ័យ ក៏ដូចជាផ្ដល់ឱកាសឲ្យពាណិជ្ជករ អាជីវករ មានការចាប់អារម្មណ៍ក្នុងការចូលរួមជា បេក្ខភាព ឬចង់ស្វែងយល់កាន់តែច្បាស់ពីអត្ថប្រយោជន៍ នៃការចូលជាសមាជិកសភាពាណិជ្ជកម្មនេះផងដែរ ។

សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌនៃការបោះឆ្នោតសភាពាណិជ្ជកម្មមានចំនួន ៣ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ការផ្សព្វផ្សាយការិយាល័យបោះឆ្នោតចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ (រយះពេលមួយខែ ) និងចុះឈ្មោះបោះឆ្នោត ។ ដំណាក់កាលទី២ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៩ ផ្សព្វផ្សាយណែនាំអំពីការឃោសនា និងចាប់លេខរៀងបេក្ខជនឈរឈ្មោះដាក់ក្នុងសន្លឹកឆ្នោត ។ ដំណាក់កាលទី៣ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ជាថ្ងៃបោះឆ្នោតជ្រើសតាំង សភាពាណិជ្ជកម្មខេត្តបាត់ដំបង ចាប់ពីម៉ោង៨ ព្រឹក ដល់ម៉ោង ៣ រសៀល ។

ចំពោះសមាសភាពអ្នកចូលរួមបោះឆ្នោតសភាពាណិជ្ជកម្ម រយៈពេលកន្លងមកការឆ្នាំ២០១៥ ត្រូវបានចេញប័ណ្ណឲ្យចូលរួមបោះឆ្នោត ចំណែកអ្នកចុះឈ្មោះថ្មី ត្រូវតែជាអាជីវករ និងសេវាករ មានអាយុចាប់ពី១៨ ឆ្នាំឡើង ដោយភ្ជាប់ឯកសារមកជាមួយរួមមាន៖ ១-លិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬ ប័ណ្ណប៉ាតង់ឆ្នាំ ២០១៥ កន្លងមក ឬអាជ្ញាប័ន ឬ វិញ្ញាបនប័តអាជីវកម្ម ២-មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ។

ដោយឡែក ចំពោះបេក្ខជនឈឈ្មោះបោះឆ្នោត ជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង មិនមែនជាមន្ត្រីរាជការ ត្រូវជាអាជីវករ ពាណិជ្ជករ សេវាករ មានអាយុចាប់ពី ២៥ ឆ្នាំឡើង មានសញ្ជាតិខ្មែរ ជាម្ចាស់ក្រុមហ៊ុនធំៗ ដែលបានចុះបញ្ជីពាណិជ្ជកម្មហើយ ដោយមានឯកសារយកភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន វិញ្ញាបនប័ត្រចុះបញ្ជី៕

អត្ថបទទាក់ទង