រសៀលថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោក សេង វណ្ណឌី ប្រធាននាយកដ្ឋានដោះស្រាយផលប៉ះពាល់ទី១ ដឹកនាំកិច្ចពិភាក្សាករណីគ្រួសារ ដែលមានដីលិចទឹក មិនទាន់បានទូរទាត់សំណងពីគម្រោងអភិវឌ្ឍទំនប់ដូនទ្រី ដែលគម្រោងនេះស្ថិតនៅឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។
កិច្ចប្រជុំនេះប្រព្រឹត្តនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារអន្តរក្រសួង តំណាងមន្ទីរពាក់ព័ន្ធ អ្នកវាយតម្លៃផលប៉ះពាល់ឯករាជ្យ និងបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់មួយចំនួន។