រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការកាយបើកមុខទឹក នៅស្រុកសង្កែ

  • 2.1ពាន់
  • ដោយ Admin

រសៀលថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពទឹក និងការកាយបើកមុខទឹកហូរចូលមកឃុំតាប៉ុន ស្រុកសង្កែ ។

ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះដែលក៏មានអញ្ជើញចូលរួមពីលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលស្រុក មេឃុំ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាននាំយកគ្រឿងចក្រ កាយបើកមុខទឹក នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ដែលបានបង្កឱ្យលិចលុងភូមិ និងដំណាំស្រែ ចំការមួយចំនួន ដើម្បីកាយនាំយកទឹកមកស្រោចស្រពដំណាំស្រូវបងប្អូនប្រជាពលរដ្ឋបានមួយផ្នែកប្រមាណ ៦០០ ហិចតា នៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ដែលកំពុងខ្វះខាតទឹកដើម្បីស្រោចស្រព និងមួយផ្នែកទៀតធ្វើការកាយប្រឡាយនាំទឹកចូលក្នុងស្ទឹងចាស់តាប៉ុន ដែលមិនសូវមានទឹកក្នុងប្រើប្រាស់ក្នុងរដូវប្រាំងផងដែរ។

នៅក្នុងឱកាសនេះដែលលោកស្រី សឿម យ៉ាប មេឃុំតាប៉ុន បានថ្លៃងអំណរយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម អភិបាលខេត្ត ព្រមទាំងមន្ទីរធនធានទឹកខេត្ត ដែលចុះអន្តរាគមន៍បន្ទាន់ ដោះស្រាយកាយបើកមុខទឹក និងផ្តល់ប្រឡាយ ០១ ប្រវែងប្រមាណ ៤ គីឡូម៉ែត្រ ដែលអាចនាំទឹកពីប្រឡាយអូរមុន្នី ចូលក្នុងស្ទឹងចាស់(ស្ទឹងតាប៉ុន) ដែលបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ០៥ ភូមិ នៃឃុំតាប៉ុន ស្រុកសង្កែ ។

សូមបញ្ជាក់ជូនថាដែរថា រដ្ឋបាលខេត្តបាត់ដំបង ដឹងនាំដោយ ឯកឧត្តម ងួន រតនៈ ចុះអន្តរាគមន៍បន្ទាន់ក្នុងចុះកាយបើកមុខទឹក ដែលធ្វើឱ្យលិចភូមិ និងដំណាំស្រែចំការមួយចំនួននៅប៉ែកខាងលើ ដើម្បីនាំទឹកមកស្រោចស្រពជូនដំណាំស្រូវផង និងនាំយកទឹកសម្រាប់ប្រើប្រាស់ចូលស្ទឹង ។

ក្រោយពីបញ្ចាប់ការចុះពិនិត្យមើលការកាយបើកមុខទឹកនៅឃុំតាប៉ុន ស្រុកសង្កែ រួចមក ឯកឧត្តម ងួន រតនៈ បានបន្តដំណើរចុះពិនិត្យប្រឡាយនាំទឹក ដែលស្ថិតនៅភូមិស្នឹងកើត និងភូមិស្នឹងលិច ឃុំស្នឹង ស្រុបាណន់ ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលលទ្ធភាពនៃការផ្គត់ផ្គង់ទឹកជូនបងប្អូនប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តម ងួន រតនៈ បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ឱ្យធ្វើការប្រជុំផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋរៀបចំផែនការដាំដុះ ដើម្បីមានទឹកគ្រប់គ្រាន់ក្នុងជួយស្រោចស្រពដំណាំស្រូវបងប្អូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង