រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធល នៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង

  • 1.8ពាន់
  • ដោយ Admin

ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងប្រធានការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធល នៃការចុះធ្វើវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី ប្រធានអនុប្រធាន ក្រុមការងារចុះជួយស្រុក ឃុំ សង្កាត់ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត នាយក នាយករដ្ឋបាលខេត្ត មន្ទីរ អង្គភាព អភិបាល អភិបាលក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ប្រមាណជិត១ពាន់នាក់ផងដែរ ។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្ត បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេបវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង និងបានឡើងអំពីបញ្ហា សំណូមពរ មួយចំនួនដែលក្រុមការងារចុះជួយមូលដ្ឋានក្រុង ស្រុក និងរដ្ឋបាលខេត្តកំពុងបន្តធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ហើយបញ្ហា សំណូមពរមួយចំនួន រដ្ឋបាលខេត្ត បានស្នើសុំគោលការណ៍ពីថ្នាក់ជាតិ ដើម្បីធ្វើដោះស្រាយបន្ត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបាត់ដំបងមានប្រសាសន៍ថា ផ្អែកតាមរបាយការណ៍បូកសរុបរបស់ខេត្តស្តីពីលទ្ធផលវេទិកាសាធារណ:នៅតាមមូលដ្ឋានដោយប្រមូលបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋកន្លងមក និងបានផ្តល់នូវអនុសាសន៍លើបញ្ហាចម្បងៗចំនួន៣ចំណុចគឺ ១, ការវាយតម្លៃអំពីលទ្ធផលនៃការរៀបចំវេទិកាសាធារណ: ២, បញ្ហាប្រឈមដែលប្រមូលបានពីវេទិកាសាធារណ: និងដំណោះស្រាយ ៣, ទិសដៅការងារពីនេះដល់ដំណាច់ឆ្នាំ២០១៩។

សម្តេចបានបន្តថា បន្ទាប់ពីបានប្រមូលលទ្ធផលរាល់បញ្ហាប្រឈម ជុំទី១នេះមកយើងមានបញ្ហាប្រឈមប្រមាណជាង ១ពាន់ករណី សម្រាប់ខេត្តបាត់ដំបង ហើយយើងត្រូវធ្វើការដោះស្រាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាននិងត្រូវធ្វើវេទិកាសាធារណ:បន្តទៀតដើម្បីប្រមូលទិន្នន័យបន្ថែមទៀតយកមកធ្វើការដោះស្រាយជូនពួកគាត់។

សូមជម្រាបជូនថា វេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក បានរៀបចំវេទិការនៅតាមបណ្តាឃុំ សង្កាត់ក្នុងក្រុង ស្រុកទាំង១៤ បានចំនួន ១៥៥ លើក ដែលមានអ្នកចូលរួមប្រមាណ ២២.៣៩៧ នាក់ ស្រី ៩.៥៧៧ នាក់ ហើយការធ្វើវេទិការនេះឡើង ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ដែលប្រជាពលរដ្ឋបានជួបប្រទះនៅនឹងមូលដ្ឋានផ្ទាល់ ដូចជា សំណើ សំណូមពរ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាសេវារដ្ឋបាល ហេដ្ឋានរចនាសម្ព័ន្ធ បរិស្ថាន អនាម័យ បញ្ហាអគ្គិសនី និងបញ្ហាផ្សេងៗទៀត ។

សូមបញ្ជាក់បន្ថែមទៀតថា នៅក្នុងវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុង ស្រុក បានឃើញបញ្ហាធំៗមួយចំនួនដូចជា៖ បញ្ហានៃការផ្តល់សេវាតម្រូវការ បញ្ហាទំនាស់ បញ្ហាកង្វល់ និងបញ្ហាសំណើ សំណូមពរផ្សេងៗទៀតផងដែរ៕

អត្ថបទទាក់ទង