ព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង មាន ៦ បន្ទប់ ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបាណន់ ខេត្តបាត់ដំបង ។
ពិធីនេះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ ប្រតិភូអមដំណើរ អភិបាលស្រុក ក្រុមប្រឹក្សាស្រុក មន្រ្តីរាជការសាលាស្រុកបាណន់ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋបានចូលរួមជាច្រើននាក់ផងដែរ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលបាលខេត្ត បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ដែលតែងតែគិតគូរ ដោះបញ្ហាប្រឈមផ្សេងៗ ជាពិសេសការដោះស្រាយនូវសំណូមពររបស់ប្រជាពលរដ្ឋ និងជួយកសាងនូវសាលារៀន ដែលជាថ្មាលបណ្តុះបណ្តាលធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសជាតិ។
ឯកឧត្តម ងួន រតនៈ ក៏បានមានប្រសាសន៍លើកឡើងអំពីបញ្ហាដីធ្លី ដែលកន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួនបានលុងខ្លួនចាញ់បោកជនខិលខូចមួយចំនួន ដែលតាំងខ្លួនជាអ្នកបែងចែកដី ដោយដីមានប័ណ្ណកម្មសិទ្ធិរួចមកហើយមកលក់ក្នុងតម្លៃធូរថ្លៃ ហើយបងប្អូនប្រជាពលរដ្ឋរបស់យើងទៅទិញដីនោះ ទើបក្លាយជាទំនាស់ដីធ្លី ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋមុននឹងទិញដីធ្លីត្រូវសាកសួរមេភូមិ និងមេឃុំឲ្យច្បាស់លាស់មុនទិញដីនោះ ដើម្បីជៀសវាងការមានទំនាស់ដីធ្លីកើតឡើង។
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានថ្លែងបន្តថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងកំណើនសិស្សជារៀងរាល់ឆ្នាំ តាមការចាំបាច់ និងឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋាន សម្តេចក្រឡាហោម ស ខេង ក៏បាសម្រេចចិត្តផ្តល់អគារសិក្សា១ខ្នងនេះជូនដល់ឃុំកន្ទឺ១បន្ថែមទៀត សម្រាប់ឲ្យសិស្សបានចូលរៀនកាន់ច្រើនឡើង។
ឯកឧត្តម សុខ ផល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស តាមរយ:ក្រសួងអប់រំយុវជន និងកីឡា ដោយបានបើកទូលាយក្នុងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត ឱ្យមានឱកាសចូលរៀននៅតាមវិទ្យាស្ថានបច្ចេកទេសជំនាញនានា និងសាកលវិទ្យាល័យផ្សេងៗ ដើម្បីជំរុញឲ្យសិស្សនិស្សិត យើងទាំងអស់ខិតខំរៀនទៅតាមកម្រិត និងលទ្ធភាពដែលអាចធ្វើបាន និងមានចំណេះដឹងសម្រាប់ធ្វើការងារ មានមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅពេលអនាគត។
ឯកឧត្តមសន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់នាំគ្នាចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពដូចជាបទល្មើសផ្សេងៗ ករណីគ្រឿងញៀន និងពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីការពារអាយុជីវិតខ្លួនឯង ព្រោះអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានការកើនឡើងជាងការស្លាប់ដោយគ្រោះថ្នាក់ដោយសាររឿងផ្សេងទៀតដូចនេះដើម្បីកាត់បន្ថយអត្រានៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា។ ក្នុងឱកាសនោះលោកក៏បានចែកមួកសុវត្តិភាពដល់អ្នកចូលរួមទាំងអស់ម្នាក់១ផងដែរ។
សូមបញ្ជាក់ផងដែរថា អគារសិក្សា១ខ្នង តម្លៃប្រមាណ ៧ម៉ឺនដុល្លារ ជាអំណោយរបស់សម្តេច ស ខេង នៅអនុវិទ្យាល័យកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលផ្តល់ជូនតាមរយៈ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ។
សូមជម្រាបជូនដែរថា ក្នុងពិធីនេះក៏មានការចែកនូវមេដាយមាស មេដាយប្រាក់ ដល់ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ និងចែកមួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមផងដែរ។