រសៀលថ្ងៃទីព្រហស្បតិ៍ ១៤រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងអមដំណើរដោយលោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំសំខាន់ៗមួយចំនួនក្នុងខេត្តជាពិសេស លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីចុះត្រួតពិនិត្យមើលពីការ សាងសង់នូវអាគារសិក្សាថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត ដែលស្ថិតនៅតាមបណ្តាសាលារៀននានា ទាំងកម្រិតបឋម អនុវិទ្យាល័យ និង វិទ្យាល័យ ដែលស្ថិតក្នុងស្រុកបវេល និងស្រុកថ្មគោល របស់ខេត្តបាត់ដំបង ។
សូមជម្រាបជូនថា ការចុះពិនិត្យមើលអាគារសិក្សាថ្មី០១ខ្នង មានកម្ពស់០២ជាន់ស្មើ១២បន្ទប់ ស្ថិតក្នុងបរិវេណអនុវិទ្យាល័យខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ដែលមកដល់ពេលនេះ អាគារសិក្សាថ្មីមួយនេះ ក្រុមជាងសម្រេចបានក្នុងការសាងសង់ប្រមាណជា៩០%និងជិតរួចរាល់ជាស្ថាពរហើយ គឺនៅសល់តែការងារសម្អាត និងរចនា ព្រមទាំងបានបំពាក់នូវគ្រឿងសង្ហារឹម តុសិស្ស តុកៅអីគ្រូ បានជាបណ្តើរៗហើយ។
ឯកឧត្តម ងួន រតនៈ និងក្រុមការងារអមដំណើរ ក៏បានពិនិត្យ មើលនូវសំណង់អាគារសិក្សាចាស់ និងអាគារការិ យាល័យនិងបណ្ណាល័យ នៅក្នុងសាលាផងដែរ។ ក្នុងនោះ ឯកឧត្តមក៏បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំសាលាដែលបានខិតខំរៀបចំ កែលម្អក្នុងសាលារបស់ខ្លួនឲ្យកាន់តែមានសោភ័ណភាពល្អនិងស្រស់បំព្រងជាបណ្តើរៗ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ឲ្យថ្នាក់ដឹកនាំមន្ទីរបញ្ចូលជាបេក្ខភាពក្នុងការជម្រុញដល់ការចូលរួមប្រឡងណាំងសាលារៀនស្អាត នៅថ្ងៃខាង មុខផងដែរ។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលអាគារសិក្សាថ្មី០១ខ្នង០៣បន្ទប់ដែលទើបកសាងរួចនៅក្នុងបរិវេណ នៃសាលាបឋមសិក្សាបន្សាយត្រែង ដែលស្ថិតក្នុងឃុំបន្សាយត្រែង ស្រុកថ្មគោលបន្តទៀត និងបានបន្តដំណើរចុះពិនិត្យមើលអាគារសិក្សាថ្មី ០១ខ្នងទៀត ដែលមានកម្ពស់ ០២ជាន់ ស្មើនិង១២បន្ទប់ ស្ថិតក្នុងបរិវេណ វិទ្យាល័យជ្រៃឃុំជ្រៃ របស់ស្រុកថ្មគោល ដែលកំពុងតែសាងសង់យ៉ាងមមាញឹក។
លោកនាយកវិទ្យាល័យនិងពីមេជាងសាងសង់សំណង់សាលាបានឲ្យដឹងថា មកដល់ពេលនេះអាគារដែលកំពុងតែដំណើរការសាងសង់នេះសម្រេចបានប្រមាណ ៧០% ហើយ។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជម្រុញដល់ក្រុមជាងទាំងអស់ ដែលកំពុងតែធ្វើការសាងសង់នូវអាគារសិក្សាថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ត្រូវយកចិត្តទុកដាក់ក្នុងការសាងសង់ដោយការទទួលខុសត្រូវខ្ពស់ ទាំងបទដ្ឋានបច្ចេកទេស ទាំងគុណភាពល្អ និងរឹងមាំ តាមកម្រឹតស្តង់ដារបច្ចេកទេសឲ្យបានត្រឹមត្រូវ មុននិងឈានដល់ការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃខាងមុខ៕