ថ្ងៃចន្ទ ១១រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ស៊ូ អារ៉ាហ្វាត់ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាលដំណាក់កាលទី០២ (DARII ) ក្រោមអធិបតីភាព ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) និងមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង និងកញ្ញាមន្ត្រីជំនាញនៅតាមបណ្តាក្រសួង ស្ថាប័ននៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធសរុបចំនួនប្រមាណ ១០០រូប នៅក្នុងសណ្ឋាគារ Great Duke។
កម្មវិធីនេះមានគោលបំណងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រុង ស្រុកដែលបានជ្រើសរើសនៅក្នុងខេត្តបាត់ដំបង ដើម្បីផ្តល់សេវាសង្គម និងសេវារដ្ឋបាលប្រកបដោយគណនេយ្យភាព តម្លាភាព និងការសម្របសម្រួលដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
សូមជម្រាបជូនថា ពិធីប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តកម្មវិធីនាឱកាសនេះ គឺជាវេទិកាមួយដែលអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន ស្ថាប័នរៀបចំគោលនយោបាយថ្នាក់ជាតិ ប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានាមកជួបជុំគ្នាក្នុងគោលបំណងជម្រាបជូនអំពី ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងរដ្ឋបាល ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីនេះ ព្រមទាំងប្រកាសជាផ្លូវការនូវកិច្ចដំណើរការអនុវត្តកម្មវិធី និងប្រារព្ធពិធីចុះកិច្ចព្រមព្រៀងអនុវត្តកម្មវិធី៕