រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភាជាតិបានជួបប្រជុំជាមួយរដ្ឋបាលខេត្តបាត់ដំបងដើម្បីស្វែងយល់និងពិភាក្សាការងារ

  • 1.2ពាន់
  • ដោយ SokMean

(បាត់ដំបង) ÷ នាព្រឹកថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភាជាតិដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណ:កម្មការទី៣បានជួបប្រជុំជាមួយរដ្ឋបាលខេត្តបាត់ដំបងដើម្បីស្វែងយល់ពីស្ថានភាពការងារទូទៅរបស់ខេត្តនិងពិភាក្សាការងារប្រឈមនៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយមានចូលរួមពីសមាជិក រាជរដ្ឋាភិបាល តំណាងក្រសួងពាក់ព័ន្ធនានា គណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ ថ្នាក់ដឹកនាំជំនាញនានាក្នុងរចនាសម្ព័ន្ធសាលាខេត្តចូលរួមផងដែរ។

បន្ទាប់ពីការណែនាំឲ្យស្គាល់ពីសមាសភាពរវាងភាគីទាំង២រួចមក ឯកឧត្តម ងួន រតន: អភិបាលនៃ គណ:អភិបាលខេត្តបានរាយការណ៍ជូនអង្គប្រជុំដោយរៀបរាប់ពី លក្ខណ:ភូមិសាស្រ្ត ប្រជាពលរដ្ឋ ការប្រកបរបរ អាជីវកម្ម វិនិយោគ កសិកម្ម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង។

ឯកឧត្តម ងួន រតន: បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តបានអនុវត្តការងារលើគ្រប់វិស័យ ក្រៅពី ការកសាងសមិទ្ធិផលផ្សេងៗមានការរីកចម្រើនហើយ រដ្ឋបាលខេត្តបានបម្រើការងារផ្សេងៗជាច្រើន ទៀតជូនប្រជាពលរដ្ឋ និងបានផ្សព្វផ្សាយជូនដំណឹងពីការងារថ្មីៗ ឲ្យពួកគាត់បានដឹងយកទៅអនុវត្ត ព្រមទាំងជួយសម្រួលបង្កលក្ខណ:ងាយស្រួលដល់អ្នកវិនិយោគិន នៅក្នុងខេត្តទាំងវិនិយោគិនបរទេស វិនិយោគិនក្នុងស្រុក ពិសេសវិស័យកសិកម្ម កសិឧស្សាហកម្ម និងសេវ៉ាកម្មផ្សេងៗ ជាច្រើនទៀត។

នាឱកាសនោះដែរ ឯកឧត្តម ជា វ៉ាន់ដេត ចង់ដឹងពីលទ្ធផលការងារ និងបញ្ហាប្រឈមរបស់ មន្ទីរពាក់ព័ន្ធក្នុងខេត្ត ក្នុងនោះលោក ឈឹម វជិរាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានធ្វើការបកស្រាយពីការងារបានអនុវត្តកន្លងមកជូនអង្គប្រជុំយ៉ាងក្បោះក្បាយដោយបានបញ្ជាក់ពីសក្តានុពលការងារកសិកម្មរបស់ប្រជាពលរដ្ឋនិងបញ្ហាប្រឈមមួយចំនួននិងសំណូមពរដល់អង្គប្រជុំជួយដោះស្រាយផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់ផងដែរថា ក្នុងនាមគណ:កម្មការទី៣នៃរដ្ឋសភាជាតិ បាននាំរាល់សំណូមពររបស់មន្ទីរជំនាញជួយនិងអន្តរាគមន៍ធ្វើការសម្របសម្រួលដោះស្រាយរវាងថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិដើម្បីជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយណាដែលអាចធ្វើទៅបាន។

ឯកឧត្តម អ៊ូ ស្រ៊ី អនុប្រធានគណ:កម្មការក៏ចង់ដឹងពីទីកន្លែងសត្វឃាតដ្ឋាននៅក្នុងខេត្តមានប៉ុន្មាន កន្លែង មានលក្ខណ:សមរម្យហើយឬនៅ ? និងការយកភាស៊ីផ្សារទូទៅក្នុងខេត្តមានការអនុវត្តសមរម្យ តាមសៀវភៅបន្ទុកត្រឹមត្រូវដែរឬទេ ?

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបានបកស្រាយជូនអង្គប្រជុំថា ចំពោះទីតាំងសត្វឃាត ក្នុងខេត្តគឺមានចំនួន១៤ក្រុងស្រុក ដោយមន្រ្តីម្នាក់តែងតាំងដោយរដ្ឋមន្រ្តី ជាអ្នកទទួលខុសត្រូវ តាមក្រុង.ស្រុករបស់ខ្លួន ចំពោះការចល័តសត្វយើងមានបញ្ហាប្រឈមខ្លះដោយសារខេត្តយើងជាខេត្ត នៅជាប់ព្រំដែន។

ឯកឧត្តម ងួន រតន: បានជម្រាបជូនអង្គប្រជុំថា ការងារយកភាស៊ីផ្សារ គឺផ្សាររដ្ឋនិងផ្សារឯកជន ហើយការដើរយកភាស៊ីផ្សារគឺមានបញ្ហាតិចតួច តែមិនមានអ្វីធ្វើឲ្យប៉ះពាល់អ្វីធំដុំនោះទេ ហើយពុំមាន ការលុបចោលអាជ្ញាប័ណ្ណណាមួយនោះឡើយ។

ឯកឧត្តម អ៊ូ ស្រ៊ី ចង់ដឹងពីការនាំចេញអង្ករចេញបានកម្រិតណាដែរ ឯកឧត្តម ងួន រតន: បានឆ្លើយថា តួលេខការនាំអង្ករចេញគឺលោកមិនបានដឹងច្បាស់លាស់ទេ គ្រាន់តែដឹងតាមព័ត៌មានថា ការនាំអង្ករចេញទៅបរទេសគឺបានច្រើនជាងគេ ចំពោះរោងចក្រស៊ីម៉ងត៍នៅខេត្តបាត់ដំបងបាននឹង កំពុងអនុវត្តបានល្អប្រសើរ។

ឯកឧត្តម អ៊ូ ស្រ៊ី ចង់ដឹងពីការនាំចេញដំណាំកសិផលផ្សេងៗ និងនាំចូលនូវបន្លែផ្លែឈើពីប្រទេសថៃ ត្រូវតែមានការត្រួតពិនិត្យត្រឹមត្រូវរបស់សមត្ថកិច្ចតាមព្រំដែនដែរទេ បើតាមសេចក្តីណែនាំរបស់ សម្តេចតេជោ បានប្រកាសនាពេលថ្មីៗនេះថា នៅតាមបន្ទាត់ព្រំដែន គឺទុកតែស្ថាប័ន២បានហើយ គឺស្ថាប័នគយនិងនគរបាលអន្តោប្រវេសន៍ក្រៅពីនោះត្រូវដកចេញទាំងអស់។

បន្ទាប់លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានធ្វើការបកស្រាយថា វិស័យធនធានទឹកទោះជាយើងមានអាងស្តុកទឹកមួយចំនួនហើយក៏ដោយ តែការផ្គត់ផ្គង់ទឹកសម្រាប់ បង្ហូរទឹកជូនប្រជាពលរដ្ឋស្រោចស្រពស្រែចម្ការគឺពុំទាន់បានបំពេញតាមតំរូវការរបស់ប្រជាពលរដ្ឋឡើយ ក្នុងនោះដោយសារតែប្រជាពលរដ្ឋធ្វើស្រែលើសផែនការដោយខ្លះធ្វើ១ឆ្នាំ ២ទៅ ៣ដង មូលហេតុស្រូវ លក់បានថ្លៃ នេះជាបញ្ហាប្រឈមផងដែរ តែអាងស្តុកទឹកពហុបំណងសេកសកបាត់ដំបងមានវ៉ារី អគ្គីសនីផ្គត់ផ្គង់ក្នុងខេត្តបានមួយចំនួនធំ។

មន្ទីរជំនាញកំពុងតែមានគម្រោងធ្វើពង្រីកប្រឡាយមេ អាងស្តុកទឹកនៅតាមបណ្តាស្រុកមួយ ចំនួនដើម្បី ផ្គត់ផ្គង់ទឹកបន្តទៀតដើម្បីបំពេញតំរូវការស្រោចស្រពដីស្រែចម្ការរបស់ប្រជាពលរដ្ឋនាពេលអនាគត់ ។

ប្រធានមន្ទីរធនធានទឹកបានបន្តថា ទោះយើងមានអាងស្តុកទឹកតូចធំច្រើនជាងមុនក៏ដោយតែបញ្ហា ប្រឈមក្នុងការបង្ហូរទឹកគឺបង្ហូរទឹកបានតែចម្ងាយជិត ឬមានកម្រិតគឺមិនអាចបង្ហូរទឹកតាមប្រឡាយ ទៅកន្លែងឆ្ងាយបាននោះទេ ។

ក្រោយបញ្ចប់កិច្ចប្រជុំកិច្ចពិភាក្សាគណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភាជាតិនិងរដ្ឋបាលខេត្តបាន អញ្ជើញធ្វើដំណើរទៅទស្សនាទីតាំងចំនួន៣កន្លែងគឺ ១-កសិដ្ឋានចិញ្ចឹមមាន់នៅចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ២-កសិដ្ឋានផលិតពូជស្រូវនៅចំណុចឃុំពង់ព្រៀងស្រុកសង្កែ និង៣- ផ្លូវក្រាលកៅស៊ូនៅចំណុចឃុំព្រៃស្វាយស្រុកមោងឬស្សីខេត្តបាត់ដំបងជាកិច្វបង្ហើយផងដែរ។ ដោយ ៖ សួន សាមឺឌី

អត្ថបទទាក់ទង