រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការចេញលិខិតរដ្ឋបាលនិងលិខិតអត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្តក្នុងខេត្តបាត់ដំបង

  • 1.6ពាន់
  • ដោយ Sotheavy

ថ្ងៃពុធ ៧រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្ត និងលោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីការចេញលិខិតរដ្ឋបាលនិងលិខិតអត្រានុកូលដ្ឋានឲ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត នៅសាលាខេត្តបាត់ដំបង និងមានការចូលរួមពីអស់ លោកស្នងការរង អធិការក្រុង ស្រុក អភិបាលរងក្រុង ស្រុក ចៅសង្កាត់ មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនានា មន្រ្តីរាជការ ពាក់ព័ន្ធចូលរួមប្រមាណជិត៤០០នាក់។

លោក ហឿង សុគន្ធ បានធ្វើការផ្តាំផ្ញើដល់កងកម្លាំងដែលបានចូលរួម មានការមិនច្បាស់លាស់ ត្រូវខិតខំស្តាប់សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនេះឲ្យបានច្បាស់លាស់ ដើម្បីយកទៅអនុវត្តបានត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលរង នៃគណៈអភិបាលខេត្តបានបញ្ជាក់ថា ក្នុងនាមកងកម្លាំងសមត្ថកិច្ចត្រូវនាំគ្នាអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់រាល់បទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន និងល្បែងស៊ីសងនៅតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវឲ្យមានប្រសិទ្ធភាពខ្ពស់។

លោក ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបានថ្លែងថាកន្លងមកតែងមានបាតុភាពចេញពីប្រជាពលរដ្ឋមួយចំនួនតូចអំពីការផ្តល់អត្តសញ្ញាណប័ណ្ណនិងសៀវភៅគ្រួសារជូនពួកគាត់ ហើយប្រជាពលរដ្ឋមួយចំនួនទៀតមិនបានត្រៀមលក្ខណ:ធ្វើឯកសារទុកជាមុនទេ ទាល់តែគាត់ត្រូវការគឺគាត់ចាប់បង្ខំប្រញាប់ភ្លាមៗតាមចិត្តគាត់ចង់បាននេះជាបញ្ហាដែលសមត្ថកិច្ចជំនាញជួបការលំបាក។

លោក អ៊ុច សុខុន បានបញ្ជាក់ថា រាល់ឯកសារសម្រាប់ជនបរទេសទាំងឡាយណាដែលត្រូវចូលសញ្ជាតិខ្មែរបានលុះត្រាណាមានព្រះរាជក្រិត្យមិនអាចធ្វើផ្តេសផ្តាសបាននោះទេ កន្លងមកបញ្ហាដែលបានបន្សល់ភាពស្មុគ្រស្មាញទុកដល់សព្វថ្ងៃ គឺអ្នកធ្វើឯកសារទាំងនោះផ្តើមចេញពីស្មៀនឃុំ និងមេឃុំនោះឯង៕

អត្ថបទទាក់ទង