ព្រឹកថ្ងៃអង្គារ ៦រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយរួមមួយ ដើម្បីឆ្លើយតបពីតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាកសិករក្នុងស្រោចស្រពដំណាំស្រូវ។
នៅក្នុងដំណើរកិច្ចប្រជុំនេះមានអញ្ជើញចូលរួមពី លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត, លោកឧត្តមសេនីយ៍ ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត, លោកតំណាងព្រះរាជ អាជ្ញាសាលាដំបូងខេត្ត,លោកអភិបាលស្រុកមោងឫស្សី និងស្រុកសង្កែ
កិច្ចប្រជុំនេះបានផ្តោតទៅប្រធានសំខាន់ គឺការពិនិត្យពិភាក្សារិះរកនូវដំណោះ ស្រាយដើម្បីឆ្លើយតបក្នុងការទាញយកទឹកចេញពីប្រព័ន្ធប្រឡាយមេសំខាន់ៗ ឲ្យស្របតាមបទដ្ឋានបច្ចេកទេសរបស់ជំនាញ ដើម្បីជួយដល់ប្រជាកសិករក្នុងការស្រោចស្រពដំណាំស្រូវ នៅស្រុកចំនួន ២ គឺស្រុកមោងឫស្សី និងស្រុកសង្កែ ។
ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានកំណត់ណែនាំដាក់ចេញនូវគោលការចំពោះមុខ ២ចំណុច ដើម្បីជាកាឆ្លើយតបទៅនឹងសំណូមពរដ៏ទទូចដែលពួកគាត់ចង់បាន និងលើកឡើងកន្លងមក។ ទី១-បានជម្រុញឲ្យមន្ទីរជំនាញសិក្សាលំអិតពីគម្រោងធ្វើទ្វារទឹកបើកទម្លាក់ទឹក ចូលទំនប់ក្អែបដែលមានស្រាប់ ដើម្បីចែកចាយទឹកចូលទៅក្នុងប្រឡាយប្រជាកសិករទាំងនោះ តាមបទដ្ឋានបច្ចេកទេសក្នុងការសាង់សង់ទ្វារទឹកនិងការណែនាំពីទីតាំងកំណត់ដោយមន្ទីរធនធានទឹកខេត្ត ហើយសហគមន៍ គឺជាអ្នកកៀងគរថវិកាក្នុងការសាងសង់ទៅតាមការស្រុះស្រួលឯកភាពគ្នា ក្នុងសហគមន៍ខ្លួននីមួយៗ ដើម្បីបម្រើសេចក្តីត្រូវការ និងផលប្រយោជន៍រួម។ ចំណុចទី២- ទាំងអាជ្ញាធរមូលដ្ឋាន ទាំងមន្ទីរជំនាញពាក់ព័ន្ធ ពិសេសមន្ទីរធនធានទឹកខេត្ត និងមន្ទីរកសិកម្មខេត្ត ត្រូវជម្រុញនិងបំផុសឲ្យប្រជាកសិករក្នុងសហគមន៍ ត្រូវរិះរកខិតខំសម្របសម្រួលគ្នា ដើម្បីរៀបចំផែនការដាំដុះជាក់លាក់ ពេលវេលាដាំដុះ និងពេលវេលាផ្គត់ផ្គង់ទឹកដើម្បីផ្តល់នូវផែនការផ្តល់ទឹកស្រោចស្រពជាក់លាក់ តាមជំហានកំណត់បណ្តាក់គ្នា។ ជៀសវាងការច្រណែនគ្នាចោទប្រកាន់គ្នាទៅវិញទៅមក បង្កជម្លោះពីសហគមន៍មួយទៅសហគមន៍មួយ។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងក៏បានសង្កត់ធ្ងន់ និងធ្វើការណែនាំក្រើនរំលឹកជម្រុញដល់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធត្រូវធ្វើការជូនដំណឹង និងចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួននីមួយៗឲ្យបញ្ឈប់ជាបន្ទាន់នូវការចោះបំផ្លាញប្រព័ន្ធប្រឡាយ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលធ្លាប់កើតមានកន្លងមក។ ហើយក៏ត្រូវតែ បញ្ឈប់កុំឲ្យកើតមានជាថ្មីឡើងវិញ ហើយបើសកម្មភាព នៅតែបន្តការបំផ្លិចបំផ្លាញចោះប្រឡាយទៀតនោះ និងចាត់វិធានការច្បាប់ ទៅតាមទោសទណ្ឌ ដែលទង្វើជននោះបានប្រព្រឹត្ត ដោយមិនលើកលែង ឬអត់ឱននោះឡើយ៕