រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់អគារសិក្សាថ្មីបន្ថែម ១ខ្នង ២ ជាន់ ១២បន្ទប់ នៅស្រុកបាណន់ ខេត្តបាត់ដំបង

  • 2.2ពាន់
  • ដោយ Admin

ព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមពិធីក្រុងពាលីបញ្ចុះបឋមសិលាអគារសិក្សា ១ ខ្នង ២ ជាន់ ស្មើនឹង ១២ បន្ទប់ នៅវិទ្យាល័យតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ។

ឯកឧត្តម ងួន រតន: អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង បានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់សាលាបានចំនួន ៣កន្លែងមកហើយក្នុងឆ្នាំ២០១៩នេះ។

ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានបន្តថា នេះជាសមិទ្ធិផលថ្មី១ទៀត ដែលខេត្តបាត់ដំបងបានទទួលអំណោយរបស់សម្តេច ស ខេង បានផ្តល់អគារសិក្សា១ខ្នង ដែលមាន២ជាន់មាន១២បន្ទប់ តាមរយៈក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ដែលមានការផ្តួចផ្តើមគំនិតពី ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាណន់ ដោយគ្រោងចំណាយប្រមាណទឹកប្រាក់ជាង១៥ម៉ឺមដុល្លា សម្រាប់ការសាងសង់ ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកបាណន់ មានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធីថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការនិងកំណើនសិស្សជារៀងរាល់ឆ្នាំ តាមការចាំបាច់និងឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋានសម្តេចក្រឡាហោម ស ខេង បានផ្តល់អគារសិក្សា១ខ្នងនេះ ជូនដល់ឃុំតាគ្រាមបន្ថែមទៀតសម្រាប់ឲ្យសិស្សបានចូលរៀនកាន់ច្រើនឡើង និងសម្រាប់ទុកឲ្យក្មួយៗបានចូលរៀនសូត្រតាមតម្រូវការ និងបានធ្វើការតម្លើងពីអនុវិទ្យាល័យទៅជាវិទ្យាល័យតាគ្រាមផងដែរ ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានបន្តថា សាលារៀនទូទៅ ពិសេសសាលារៀនជាវិទ្យាល័យដែលយើងបានបញ្ចុះបឋមសិលានាពេលនេះ គឺជាមូលដ្ឋានគ្រិះ ជាថ្នាលបណ្តាលបណ្តាលធនធានមនុស្សពីថ្នាក់ក្រោមឡើងទៅ ដើម្បីធ្វើឲ្យក្មេងជំនាន់ក្រោយក្លាយជាទំពាំងស្នងឬស្សី កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃក្រោយ។

ឯកឧត្តមសន្តិបណ្ឌិត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់កសាងធនធានមនុស្សតាមរយ: ក្រសួងអប់រំយុវជននិងកីឡា បានបើកទូលាយផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតមានឱកាសចូលរៀននៅតាមវិទ្យាស្ថានបច្ចេកទេសជំនាញនានានិងសាកលវិទ្យាល័យផ្សេងៗ ដើម្បីជម្រុញឲ្យសិស្សយើងទាំងអស់ខិតខំរៀនទៅតាមកម្រិតនិងលទ្ធភាពដែលអាចធ្វើបាននិងមានចំណេះសម្រាប់ធ្វើការងារ មានមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅអនាគត់។

ឯកឧត្តមបានធ្វើការផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ថា ពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងគ្នា ដើម្បីការពារអាយុជីវិតខ្លួនឯង ព្រោះអាត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ជាងការស្លាប់របស់ដោយគ្រោះថ្នាក់ផ្សេងទៀត ដូចជាការកាត់បន្ថយអាត្រាការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះបានគឺផ្តើមចេញពីខ្លួនយើង និងការពារគ្រួសារយើង។

ក្នុងឱកាសគណ:អធិបតីបានចែកមួកសុវត្ថិភាពដល់អ្នកចូលរួមប្រមាណ ១.០០០ នាក់ ក្នុងម្នាក់ៗ ទទួលបានមួកសុវត្ថិភាព ១ផងដែរ។

អត្ថបទទាក់ទង