រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យច្រកចេញចូលតែមួយ និងដាក់ឱ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅស្រុកចំនួន ០៤ ក្នុងខេត្តបាត់ដំបង

  • 4.1ពាន់
  • ដោយ Admin

ថ្ងៃចន្ទ ១២កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារការិយាល័យច្រកចេញចូលតែមួយ និងដាក់ឱ្យដំណើរការជាផ្លូវការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ចំនួន ០៤ ស្រុក មានដូចជា ៖ រដ្ឋបាលស្រុកកំរៀង រដ្ឋបាលស្រុកសំពៅលូន រដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលស្រុកបាណន់ ដែលពិធីនេះប្រារព្ធធ្វើនៅសាលាស្រុកកំរៀង ខេត្តបាត់ដំបង។

លោក សុខ គឹមខុន អភិបាល នៃគណៈអភិបាលស្រុកកំរៀង បានអានរបាយការណ៍ស្វាគមន៍ និងបានរំលឹកអំពីប្រវត្តិនៃការបង្កើតការិយាល័យប្រជាពលរដ្ឋ ដែលបានបង្កើតសាកល្បងមុនគេ គឺការិយាល័យច្រកចេញចូលតែមួយក្រុងបាត់ដំបង និងក្រុងសៀមរាប ដែលបានអនុវត្តតាមសេចក្តីសម្រេច ៤៧ សសរ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៣ របស់ក្រសួងមហាផ្ទៃ ។

ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើ និងណែនាឱ្យរដ្ឋបាលស្រុកគោលដៅទាំង ៤ គឺស្រុកកំរៀង ស្រុកសំពៅលូន ស្រុករតនមណ្ឌល និងស្រុកបាណន់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗមួយចំនួន ដូចជា ៖
១-អនុវត្តឱ្យមានប្រសិទ្ធិភាព នូវយន្តការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ស្របតាមលិខិតបទដ្ឋានគតិយុត្តិ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីតារាងតម្លៃសេវាផ្សេងៗជូនប្រជាពលរដ្ឋ។
២-ផ្តល់សេវារដ្ឋបាល ត្រូវធានាឱ្យបាននូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព ការឆ្លើយតប សមធម៌ និងការចូលរួមរបស់ប្រជាពលរដ្ឋ
៣-ត្រូវបិទផ្សាយតារាងតម្លៃសេវាជាសាធារណៈ នៅតាមទីសាធារណៈផ្សេងៗ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងមើល។
៤-ត្រូវធ្វើការត្រួតពិនិត្យជាប្រចាំ ដើម្បីធានាពង្រឹងរាល់ការផ្តល់សេវារដ្ឋបាលតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់
៥-ត្រូវដាក់វិន័យរដ្ឋបាលចំពោះមន្ត្រីរាជការ បុគ្គលិក ដែលបង្កភាពថ្នាំងថ្នាក់ ដោយអសកម្មភាពមិនយកចិត្តទុកដាក់លើការផ្តល់សេវារដ្ឋបាល ។

សូមជម្រាបជូនថា ការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក ដែលបានដាក់ឱ្យដំណើរការកន្លងមកចំនួន ០៥ ក្រុង ស្រុក ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការនាថ្ងៃនេះចំនួន ០៤ ស្រុក បន្ថែមទៀតរួមមាន៖ ស្រុកកំរៀង ស្រុកសំពៅលូន ស្រុករតនមណ្ឌល និងស្រុកបាណន់ ហើយនឹងរៀបចំបង្កើតការិយាល័យច្រកចេញតែមួយនៅឆ្នាំ២០២០ បន្ថែមចំនួន ០៥ ស្រុក ទៀត ដូចជា ៖ ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុកភ្នំព្រឹក និងស្រុកឯកភ្នំ ដើម្បីធ្វើការប្រមូលផ្តុំនូវការផ្តល់សេវារដ្ឋបាលមួយចំនួនជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងទាន់ពេលវេលា។

ជាចុងបញ្ចប់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងគណៈអធិបតី បានអញ្ជើញកាត់ខ្សែបូ ដាក់ឲ្យប្រើប្រាស់អគារការិយាល័យច្រកចេញចូលតែមួយ និងដាក់ឱ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកកំរៀង រដ្ឋបាលស្រុកសំពៅលូន រដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលស្រុកបាណន់ ។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក ប្រធាន អនុប្រធាន មន្ទីរ អង្គភាព មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត មេបញ្ជាការ បញ្ជាការង នៃកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សសយក យុវជនកាកបាទក្រហមកម្ពុជា និងបងប្អូនប្រជាពលរដ្ឋប្រមាណ ១.០០០ នាក់ អញ្ជើញចូលរួមផងដែរ៕

អត្ថបទទាក់ទង