ព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងដល់ជូនដល់សមាជិកនវកាយរិទ្ធិជាតិកម្ពុជា វិទ្យាល័យបវេល ចំនួន២៥៥នាក់ នៅបរិវេណវិទ្យាល័យបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោកប្រធានប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត និងជាស្នងការកាយរិទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង លោកអភិបាលស្រុក និងជាស្នងការកាយរិទ្ធិជាតិកម្ពុជាស្រុកបវេល លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានអញ្ជើញចូលរួមសរុបប្រមាណ២,៧០០នាក់ ។
តាមសេចក្តីរាយការណ៍របស់ប្រធានកាយរឹទ្ធិជាតិកម្ពុជាស្រុក បានឱ្យដឹងថាបច្ចុប្បន្ន ស្រុកបវេល មានសមាជិកកាយរឹទ្ធិសរុបចំនួន៥៩១នាក់ កន្លងមកបានបំពេញនូវតួនាទី របស់ខ្លួនជួយដល់សង្គមជាច្រើនលើការងារអនាម័យ បរិស្ថាន ចរាចរណ៍ និងដាំកូនឈើជាដើម ។
ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធានក្រុមប្រឹក្សាកាយរឹទ្ធិជាតិកម្ពុជាខេត្តបាត់ដំបង បានបញ្ជាក់ថា ការរៀបចំបំពាក់កន្សែងនាពេលនេះ គឺប្អូនៗ មានមោទនភាពថ្លៃថ្លាបំផុត ដោយបានបំពេញតួនាទីរបស់ខ្លួនជាកាយរឹទ្ធិកម្ពុជា ត្រូវគោរពច្បាប់ ស្មោះត្រង់ បម្រើនិងសង្គ្រោះមនុស្សជាតិ ធ្វើជាមិត្តល្អ ជាបងប្អូនល្អ មានសីលធម៌ល្អ មានចរិយាសម្បត្តិថ្លៃថ្នូរ សុភាពរាបសារ ជាពលរដ្ឋល្អ ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចល្អចំពោះអ្នកដ៏ទៃ សង្គមនិង រាជរដ្ឋាភិបាលកម្ពុជា ។ កាយរឹទ្ធិកម្ពុជាគឺជាចលនាអប់រំស្មគ្រ័ចិត្តសម្រាប់កុមារនិង យុវជន មិនធ្វើនយោបាយ ក្នុងគោលបំណងឱ្យមានសក្តានុពលភាពពេញលេញខាងផ្លូវកាយនិងប្រាជ្ញា ផ្លូវចិត្ត ក្លាយខ្លួនទៅជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសហគមន៍ និងសម្រាប់ការលូតលាស់ខ្លួនឯងផង ស្របតាមទិសស្លោក “ យ៉ាងហោចណាស់ក្នុងមួយថ្ងៃកាយរឹទ្ធិត្រូវធ្វើអំពើល្អឱ្យបានមួយនៅក្នុងសង្គមជាតិ ។