រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

បុរសម្នាក់ដែលគាបជាប់ក្នុងរូងភ្នំចក្រី រយៈពេល ៤ ថ្ងៃ ត្រូវបានកម្លាំងចំរុះជួយសង្គ្រោះចេញពីរូងភ្នំបានហើយ

  • 1.2ពាន់
  • ដោយ Sotheavy

ល្ងាចថ្ងៃពុធ ៧កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ  និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំកងកម្លាំងចំរុះ ជួយសង្គ្រោះបុរសម្នាក់ដែលដើរកើបអាចម៌ប្រចៀវ ហើយធ្លាក់គាបជាប់ក្នុងរូងថ្មភ្នំចក្រី ខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានជួយសង្គ្រោះ យកចេញមកក្រៅបានហើយ នៅវេលាម៉ោងប្រមាណ៦ នឹង ៥៥ នាទីនេះ។

ប្រតិបត្តិការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់នេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។ អង្គភាពដែលចូលរួមសង្គ្រោះនោះរួមមាន៖ អង្គភាព៧១១, កម្លាំងយោធភូមិភាគទី៥, កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ។

ទេសរដ្ឋមន្ដ្រី គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់ម៉ោងនេះ ជនរងគ្រោះត្រូវបានសង្គ្រោះចេញពីកន្លែងដែលមានគ្រោះថ្នាក់ហើយ ហើយនៅពេលនេះក្រុមគ្រូពេទ្យកំពុងតែពិនិត្យសុខភាពជនរងគ្រោះ»។

បើតាមទេសរដ្ឋមន្ដ្រី គន់ គីម បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ ក្រុមអ្នកជួយសង្គ្រោះនឹងសម្រូ
លជនរងគ្រោះពីលើភ្នំចុះមកក្រោម ដែលមានកម្ពស់ប្រហែល៥០០ ទៅ៦០០ម៉ែត្រ ពីដីហើយប្រហែលមួយម៉ោងទៀត បេសកកម្មជួយសង្គ្រោះនឹងបញ្ចប់ដោយជោគជ័យ។

ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានរួមដៃគ្នាយ៉ាងយកចិត្ដទុកដាក់ លើការងារជួយសង្គ្រោះនេះ។

គួរជម្រាបថា ​​បុរសម្នាក់បានបាត់ខ្លួន៣យប់ ៤ថ្ងៃ ដោយគាបជើងជាប់ថ្មក្នុងរូងភ្នំ ក្រោយឡើងកើបអាចម៌ប្រចៀវ ហើយរអិលជើងធ្លាក់ តាំងពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៩នេះ ហើយក្រុមគ្រួសារប្រទះឃើញ នៅថ្ងៃទី០៧ ខែសីហានេះ។

យោងតាមបណ្តឹងរបស់ម្ដាយជនរងគ្រោះ បានមកប្ដឹងសមត្ថកិច្ចថា គាត់បានបាត់កូនឈ្មោះ បូរ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង រយៈពេល៤ថ្ងៃមកហើយ៕

អត្ថបទទាក់ទង