នាព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យការងារត្រៀមបង្ការគ្រោះមហន្តរាយ និងសង្គ្រោះគ្រោះមហន្តរាយ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ឡាំ ហេងហួត អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។
ឯកឧត្តម ងួន រតនៈ អភិបាលរង នៃគណៈអភិបាលខេត្ត បានរាយការណ៍សង្ខេប រដ្ឋបាលខេត្តគិតត្រឹមឆមាសទី១ នេះ ខេត្តបាត់ដំបង បានទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កើតឡើងចំនួន ៤៤លើក លើឃុំ សង្កាត់ ចំនួន ៨៧ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២៩១១ ខ្នង ស្មើនឹង ២៩១១ គ្រួសារ រលំផ្ទះសង្កត់ស្លាប់ ០១ នាក់ ខូចខាតសាលារៀនចំនួន ៣ ខ្នង ខូចខាតអាគារវត្តអារាម ចំនួន ០២ អាគារ និងរន្ទះបាញ់បានកើតឡើងចំនួន ០៤ លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ០៣ នាក់ និងរងរបួសមនុស្សចំនួន ១៩ នាក់។
ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត បានជម្រាបជូនបន្តថា ក្នុងឆ្លើយតបគ្រោះមហន្តរាយនេះ បានធ្វើការដោះស្រាយឆ្លើយតប ដែលជាអំណាយរបស់សម្តេចក្រឡាហោម អញ្ជើញចុះសួរសុខទុក នៅស្រុកថ្មគោលចំនួន ២៧៩គ្រួសារ ខ្នងផ្ទះ ស្មើនឹង ២៧៩ ខ្នងផ្ទះ និងបានឆ្លើយតាមរយៈក្រុមការងារថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអង្គការដៃគូរ បានចំនួន ២៦៣២ ខ្នងផ្ទះ ក្នុងនោះបានប្រើប្រាស់ស័ង្កីចំនួន ២០០០០ សន្លឹក ដែលជាអំណាយរបស់សម្តេចក្រឡាហោម ។
ក្នុងឱកាសប ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញាតិឲ្យលោកមេឃុំ សហគមន៍ ប្រធានមន្ទីរជំនាញពាក់ព័ន្ធឡើងរាយការណ៍ជូនអង្គប្រជុំជាក់ស្តែងនៅតាមូលដ្ឋានរបស់ខ្លួននឹងក្នុងខេត្តទាំងមូលដើម្បីធ្វើរបាយការណ៍ជូនទៅថ្នាក់ជាតិ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំនាពេលនេះ គឺយើងក្តាប់ឲ្យបានរាល់ព័ត៌មានផ្សេងៗពិសេសការងារគ្រប់គ្រងគ្រោះមហន្តរាយ ហើយត្រូវត្រៀមកម្លាំងអន្តរាគមន៍ ជួយសង្រ្គោះ មានសំភារៈនិងស្បៀនៅពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗនៅមូលដ្ឋាន។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្នុងនាមគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោនាយក ហ៊ុន សែន រដ្ឋមន្រ្តី ជាប្រធាន និងក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខប្រជាពលរដ្ឋរហូតមក និងក្នុងនាមឯកឧត្តមជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជម្រុញឲ្យមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែលមានឯកឧត្តមអភិបាលខេត្តជាប្រធានកិត្តិយសស្រាប់ ត្រូវបន្តយកចិត្តទុកដាក់និងសហការគ្នាធ្វើការងារនេះឲ្យមានប្រសិទ្ធភាពខ្ពស់។
ក្រោយកិច្ចប្រជុំបានបញ្ចប់គណៈអធិបតីបានជូនថវិកាដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់បាន៣ម៉ឺនរៀល រួចបន្តដំណើរចុះពិនិត្យមើលជាក់ស្តែងនៅគោលដៅតាមបណ្តាស្រុក ឃុំនានាក្នុងខេត្តផងដែរ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួម គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាតិ ថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ និងក្រុមការងារគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុងស្រុកឃុំ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាពនានាក្នុងខេត្តចូលរួមប្រមាណជាង៣០០នាក់។