ថ្ងៃអាទិត្យ ១៥កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ជាង១០០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា "ស.ស.យ.ក. មិនត្រឹមតែជំរុញឲ្យមានការចូលរួមជាសកម្មភាពជាក់ស្តែងក្នុងបុព្វហេតុសង្គមជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឲ្យមានការចែករំលែក។ សម្រាប់គ្រួសារយើង ការចែករំលែកគឺជាគុណធម៌ ការចែករំលែកជាមោទនភាព ហើយការចែករំលែកក៏ជាការអប់រំចិត្ត"
ឯកឧត្តម បានលើកទឹកចិត្តឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង បន្តពង្រីកសកម្មភាពរបស់ខ្លួន ដើម្បីផ្តល់ជាវេទិកាកាន់តែសំបូរបែបជូនទៅដល់យុវជនយើង ដែលមានចំណង់ចំណូលចិត្ត និងទេពកោសល្យផ្សេងៗគ្នា ក្នុងក្តីសង្ឃឹមថា វេទិកាទាំងនោះនឹងជំរុញឲ្យពួកគេ អាចអភិវឌ្ឍចំណេះ និងជំនាញបានកាន់តែប្រសើរ និងជាពិសេស អាចធ្វើឲ្យសកម្មភាពចូលរួមទាំងនោះ កាន់តែមានអត្ថន័យ និងមានអត្ថប្រយោជន៍ ។