បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ នៅល្ងាចថ្ងៃដដែល គណ:ប្រតិភូ គណ:កម្មការទី៧ នៃរដ្ឋសភា បានធ្វើដំណើរទស្សនកិច្ចទៅរមណីយដ្ឋានភ្នំសំពៅ ដើម្បីស្វែងយល់ និងជួយផ្សព្វផ្សាយពីសក្តានុពលនៃវិស័យនេះឲ្យកាន់តែទូលំទូលាយ។ គណ:ប្រតិភូ បានកត់សម្គាល់ពីការរីកចម្រើនក្នុងវិស័យនេះ និងបានលើកទឹកចិត្តឲ្យមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន បន្ត និងជំរុញបង្កើនប្រសិទ្ធភាពនៃវិស័យនេះ តាមរយ:ការបង្កើតនូវកិច្ចសហការដ៏ជិតស្និទ្ធមួយ ឈានឆ្ពោះទៅការធានាបាននូវសុវត្ថិភាពកាន់តែប្រសើរសម្រាប់ភ្ញៀវទេសចរ ប្រសិទ្ធភាពនៃសេវាកម្ម និងការធានាបាននូវសោភ័ណភាពរមណីយដ្ឋានជារួម។