នាព្រឹកថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ ក្នុងព្រឹកថ្ងៃទី២ នៃសន្និបាតបូកសរុប លទ្ធផលការងាររបស់រដ្ឋបាលខេត្តដែលធ្វើឡើងរយៈពេលពីរថ្ងៃគឺថ្ងៃ០៦ និងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបានមានប្រសាសន៍ជម្រុញឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់នាំគ្នាខិតខំបំពេញភារៈកិច្ចបន្តទៀត ហើយចំណុចបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់យើងត្រូវសហការគ្នាជួយគ្នា សម្រេចកិច្ចការលើគ្រប់វិស័យឲ្យបានល្អ ដើម្បីឲ្យរដ្ឋបាលខេត្តយើងមានភាពរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលយើងបានអនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណបាន៤ដំណាក់កាលទទួលបានជោគជ័យកន្លងមក បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧នេះក៏បានបន្តអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១បន្តទៀត ដូច្នេះយើងត្រូវតែនាំគ្នាធ្វើបន្ថែមទៀតឲ្យបានល្អ។
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍បូកសរុប ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ២០២៤ជាច្រើនកន្លងមក និងបានខិតខំរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមដែលកើតមានឡើងក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ព្រមទាំងពិនិត្យបំពេញបន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាដល់ការអនុវត្តការងារក្នុងឆ្នាំ ២០២៥ឲ្យកាន់តែមានភាពល្អប្រសើឡើង ប្រសិទ្ធភាពខ្ពស់បន្តទៀត និងធ្វើឱ្យប្រជាពលរដ្ឋទូទាំងអស់ រស់នៅបានសុខក្សេមក្សាន្តសុខដុមរមនារ។
ឯកឧត្តម សុខ លូ ថ្លែងបន្តថា ផ្តើមចេញពីការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញបរិបូរណ៍ ដោយមានការអភិវឌ្ឍលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល កាត់បន្ថយភាព ក្រីក្រ និងធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា រស់នៅបានសុខក្សេមក្សាន្តសុខដុមរមនារហូតមក។បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ មានថាមពល និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបន្តរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សង្គម ធ្វើឱ្យសង្គមជាតិរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់។
ឯកឧត្តម សុខ លូ ថ្លែងបន្តទៀតថា ដោយឡែកនៅខេត្តបាត់ដំបង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម កើត រិទ្ឋ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាពិសេសបំផុតសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាតំណាងរាស្ត្រមណ្ឌលបាត់ដំបងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចង្អុលបង្ហាញ ដឹកនាំជាប្រចាំធ្វើឱ្យខេត្តបាត់ដំបង មានឱកាសដ៏ប្រពៃពីការរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការអភិវឌ្ឍបានល្អប្រសើរ តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ឯកឧត្តមបានវាយតម្លៃខ្ពស់ និងកោតសរសើរពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរនិងកងកម្លាំង មន្រ្តីរាជការ ដែលបានលះបង់គ្រប់បែបយ៉ាងបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ។