រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ និង ឯកឧត្តម ចាន់ សុវុឌ្ឍ ចុះពិនិត្យការបង្កបង្កើនផលស្រូវ OM 5451 និងសំណេះសំណាលជាមួយប្រជាកសិករស្រុកបាណន់

នារសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និង ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញសួរសុខទុក្ខប្រជាកសិករ ពីការបង្កបង្កើនផល និងត្រៀមប្រមូលផលស្រូវនៅពេលខាងមុខនេះ។
ក្នុងការចុះពិនិត្យនោះដែរ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបកសិករផ្ទាល់ក្នុងការសាកសួរ ការងារបង្កបង្កើនផល ក្នុងដើមឆ្នាំនេះ ។ ឯកឧត្តម បានមានប្រសាសន៍សូមឱ្យបងប្អូនប្រជាកសិករ ស្តាប់ការណែនាំរបស់មន្រ្តីជំនាញកសិកម្ម ក្នុងការប្រើប្រាស់ពូជ បច្ចេកទេសផ្សេងៗ លើសពីនេះឯកឧត្តម ជម្រុញឱ្យកសិករ ងាកមកធ្វើស្រូវសែនក្រអូប ព្រោះមានតម្លៃលើទីផ្សារ ហើយឯកឧត្តមសូមឱ្យកសិករចងក្រងជាសហគមន៍ទំនើប ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍បញ្ជាក់បន្ថែមថា ថ្នាក់ដឹកនាំមន្រ្តីជំនាញ ព្យាយាមធ្វើយ៉ាងណា ឱ្យកសិករលក់ទិន្និផលស្រូវ បានចំណេញត្រឹមត្រូវទៅតាមទីផ្សារ សកលលោក។ ឯកឧត្តមបានបន្តទៀតថា មិនឱ្យមានឈ្មួញទិញណាម្នាក់មកបង្អាប់តម្លៃស្រូវពីបងប្អូនកសិករនោះឡើយ ។
បើតាមរបាយការណ៍ របស់ លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បញ្ជាក់ថា ចំណុចទួល សំរោង ភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ផលិតស្រូវ OM5451 លើផ្ទៃដីចំនួន ៣៩០០ហិចតា ។ ការប្រមូលផល ទើបតែបាន ៥%ប៉ុណ្ណោះ នឹងចាប់ប្រមូលផលបន្ត នៅដើមសប្តាហ៌ទី២ ខែកុម្ភៈ នឹងប្រមូលអស់នៅចុងខែកុម្ភៈខាងមុខនេះ ការប៉ាន់ស្មានទិន្និផលជាមធ្យម ៥,៥តោន/ហិចតាសរុប បរិមាណទិន្នផលប្រមាណ ២១៤៥០តោន ។

អត្ថបទទាក់ទង