រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបងសហការណ៍ជាក្រសួងផែនការផ្សព្វផ្សាយដំណើរការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៣ ឆ្នាំ២០១៩

  • 1.6ពាន់
  • ដោយ Sotheavy

ថ្ងៃចន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទ១៥ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង បានរៀបចំផ្សាព្វផ្សាយស្តីពីការចាប់ផ្តើមដំណើរការការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រជុំទី១៣ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា៖ រហូតមកទល់ពេលបច្ចុប្បន្នមន្ទីរផែនការខេត្តបាត់ដំបង បានចុះស្រង់ទិន្នន័យគ្រួសារក្រីក្របានចំនួនបីលើកមកហើយ លើកទី១ ឆ្នាំ២០១០ លើកទី២ឆ្នាំ២០១៣ និងលើកទី៣ឆ្នាំ២០១៩ ហើយឆ្នាំ២០១៩នេះ គឺជាលើកទី៤សម្រាប់ខេត្តបាត់ដំបង ដែលត្រូវជាជុំទី១៣សម្រាប់ទូទាំងប្រទេស។ ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រនៅពេលនេះ គឺដើម្បីទទួលបាននូវទិន្នន័យថ្មីៗទៀត សម្រាប់ខេត្តបាត់ដំបង។ ទិន្នន័យទទួលបានមក ត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រសម្រាប់ឲ្យពួកគាត់យកទៅបង្ហាញអ្នកផ្តល់សេវា ពិសេសសេវាព្យាបាលដោយមិនគិតថ្លៃពីមូលនិធិសមធម៌របស់រាជរដ្ឋាភិបាលនៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពរដ្ឋទូទាំងប្រទេស ។

លោកអភិបាលរងនៃគណៈអភិបាលខេត្តបានបន្តទៀតថា ទិន្នន័យគ្រួសារក្រីក្រ ដែលបានពីធ្វើបច្ចុប្បន្នភាពនេះ ក៏ជាមូលដ្ឋានក្នុងការប្រើប្រាស់សម្រាប់ គណនាកំរិតអាត្រាក្រីក្រនៅ ក្នុងខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិនីមួយៗផងដែរ ដែលជួយឲ្យយើងទាំងអស់គ្នាពិសេសរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ មន្រ្តីជំនាញ អង្គការសង្គមស៊ីវិល អ្នកផ្តល់ជំនួយ និងសប្បុរសជននានា មានភាព ងាយស្រួល ក្នុងការរៀបចំផែនការ យុទ្ធសាស្រ្ត ផែនការសកម្មភាព និងកម្មវិធី នយោបាយនានា និងការផ្តល់ជំនួយឧបត្ថម្ភ ផ្សេងៗទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្នុងខេត្តឲ្យបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍បើកកិច្ចប្រជុំដោយបញ្ជាក់ថា៖ ការងារអត្តសញ្ញាណកម្មកគ្រួសារក្រីក្រនេះ មានសារសំខាន់ ហើយនៅក្នុងដំណើរការវិមជ្ឈការ សហវិជ្ឈការនៃការងារកែទម្រង់នេះ ខេត្ត ក្រុងនីមួយៗ ម្ចាស់ការលើកិច្ចការទាំងអស់នេះ គោលដៅចំបង នៅក្នុងយុទ្ធសាស្រ្តចតុកោណ ក៏ដូចជាកម្មវិធី របស់រាជរដ្ឋាភិបាលបាន ដាក់ចេញ នូវសូចនាករ គឺការងារអភិបាលកិច្ចល្អ ដើម្បីកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព ដែលគោលដៅរបស់យើង នៅឆ្នាំ២០៣០ ឱ្យក្លាយជាប្រទេសចំណូល មធ្យមកំរិតខ្ពស់ លើកកំពស់ជីវភាពប្រជាជនកាន់តែប្រសើរឡើងថែមទៀត ។

អត្ថបទទាក់ទង