រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងប្រចាំខែធ្នូឆ្នាំ២០២៤ ដែលមានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាល លោក អភិបាល ក្រុង-ស្រុក លោក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង។
បន្ទាប់ពីស្ដាប់របាយការណ៍អំពីលទ្ធផលការងារប្រចាំខែ រាយការណ៍ដោយ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានមានប្រសាសន៍ ណែនាំឱ្យលោក អភិបាលក្រុង ស្រុក កងកម្លាំងទាំងបីបន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ ។
បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ជាពិសេសអាជ្ញាធរនិងកងកម្លាំងឈរជើងប្រចាំការតាមខ្សែបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងការបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ និងបទល្មើសផ្សេងៗគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្តម សុខ លូ ណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបន្តដាំដើមឈើបន្ថែមទៀតនៅតាមទីប្រជុំជន ទប់ស្កាត់ និងលុបបំបាត់សំណង់អនាធិបតេយ្យ រុះរើរផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹង រំដោះដីចំណីផ្លូវ បើកផ្លូវឱ្យបានទូលំទូលាយ ជំរុញការផ្សព្វផ្សាយលើកស្ទួយផលិតផលខ្មែរ ត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងរៀបចំសណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន។
ឯកឧត្តមអភិបាលខេត្ត ជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចខិតខំយកចិត្តទុក់ដាក់បង្រ្កាបក្មេងទំនើង គ្រឿងញៀន និងជំរុញរៀបចំឱ្យមានភូមិសដែលជាភូមិគ្មានគ្រឿងញៀននៅតាមមូលដ្ឋាន។
ឯកឧត្តម សុខ លូ ណែនាំឱ្យស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងយកចិត្តទុកដាក់លើការងារគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន។
យោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបងបានឱ្យដឹងថា នៅក្នុងខេត្តបាត់ដំបង មានមុខសញ្ញាក្មេងទំនើងកំពុងគ្រប់គ្រងបច្ចុប្បន្នចំនួន៤៧៨នាក់ ស្មើនឹង១០០ក្រុម និងមុខសញ្ញាទោល១៤៩នាក់ដែលធ្លាប់មានការពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ២៣៣នាក់,គ្រឿងញៀន២៨នាក់,បង្កការអុកឡុក១១៧នាក់,បង្ហោះម៉ូតូ៩៣នាក់ និងគេចសាលា៧នាក់ ក្នុងនោះបង្រ្កាបបានក្នុងខែធ្នូ ឆ្នាំ២០២៤ ចំនួន៦ករណី ឃាត់ខ្លួន២០នាក់។សូមជម្រាបថាក្មេងទំនើងនៅខេត្តបាត់ដំបងមានលក្ខណៈជាក្រុមតូចៗមិនបង្កបញ្ហាធ្ងន់ធ្ងរដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមនោះទេ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង បានវាយតម្លៃថា ក្នុងរយៈពេលពេញមួយខែធ្នូ ឆ្នាំ២០២៤ សភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្ត និងនៅតំបន់ព្រំដែនពុំមានសកម្មភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។បញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បាននិងកំពុងបន្តបង្រ្កាបដូចភ្លៀងរលឹម ដោយអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខសុវត្ថិភាពនៅគ្រប់មូលដ្ឋាន៕

អត្ថបទទាក់ទង