រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ ខ្នង ជូនស្រ្តីមានជីវភាពក្រីក្រ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥០គ្រួសារ

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ ឯកឧត្តម លោកជំទាវលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្ត បានអញ្ជើញប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នង ជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជូនដល់ លោកស្រី អែ សុខគីម អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយមានកូន២នាក់ក្នុងបន្ទុកជីវភាពក្រីក្រខ្លាំងដែលផ្ទះចាស់រងគ្រោះដោយអគ្គិភ័យកាលពីថ្ងៃទី២៥ខែសីហា ឆ្នាំ២០២៤កន្លងទៅព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥០គ្រួសារមកពីភូមិចំនួន៤ ក្នុងឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំយកប្រសាសន៍ផ្តាំផ្ញើពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងបានចូលរួមត្រេកអរចំពោះលោកស្រី អែ សុខគីម ដែលទទួលបានទីជម្រកថ្មីដ៏សែនកក់ក្ដៅសម្រាប់ជ្រកកោនតទៅ ដើម្បីបានជាជម្រក បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ។
សូមបញ្ជាក់ថា ផ្ទះលេខរៀងទី១៦ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ ចំណាយថវិកា ៥.៥៥០ដុល្លារ (ប្រាំពាន់ប្រាំរយហាសិបដុល្លារអាមេរិក) មានទំហំ ៤ម៉ែត្រ x ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ។
ជាកិច្ចឆ្លើយតប លោកស្រី អែ សុខគីម និងប្រជាពលរដ្ឋងាយរងគ្រោះ មានក្តីរំភើបរីករាយឥតឧបមាដោយបានទទួលបានជម្រករស់នៅសមរម្យ សម្រាប់រស់នៅជាមួយកូនៗទាំងពីរ ជាពិសេសការគិតគូររបស់ថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ ដល់ក្រុមគ្រួសាររបស់លោកស្រី ធ្វើអោយលោកស្រីនិងក្រុមគ្រួសារមានភាពកាន់តែកក់ក្តៅ ការផ្តល់លំនៅដ្ឋាននាពេលនេះគឺជាទ្រនំជីវិតថ្មី ដែលលោកស្រីនិងកូនស្រីទាំងពីរ នឹងកសាងជីវិតថ្មីឱ្យបានល្អប្រសើរ ហើយនេះជាអំណោយដ៏មានសារសំខាន់បំផុតសម្រាប់ជីវីតរបស់លោកស្រី។ លោកស្រីបានបន្តថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរពីសុខទុក្ខ និងលើកទឹកចិត្ត ព្រមទាំងបានផ្តល់ថវិកាសម្រាប់ការផ្គត់ផ្គង់គ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា សម្តេចទាំងទ្វេ និងក្រុមគ្រួសារ សូមទទួលបាននូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានផ្តល់ជូន អំណោយ សម្រាប់សង្កត់ផ្ទះរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី២កេស,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ត្រីខ២យួរ, ទឹកបរិសុទ្ធ៤កេស និងថវិកា៤០ម៉ឺនរៀល ដោយឡែកគ្រួសារងាយរងគ្រោះមានជនចាស់ជរា ជនមានពិការភាព និងគ្រួសារក្រីក្រ មកពី៤ភូមិក្នុងឃុំវត្តតាមិមចំនួន ៥០គ្រួសារ ដោយមួយគ្រួសារទទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ផងដែរ ។

អត្ថបទទាក់ទង