នាល្ងាចថ្ងៃសៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យរៀបចំកសាងបង្ហើយព្រះពុទ្ធរូបអង្គធំ និងកសាងខឿនសួនច្បារជើងភ្នំសំពៅដែលស្ថិតនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលផ្ដួចផ្ដើម និងដឹកនាំប្រារព្ធពិធីបុណ្យដោយសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន ស ខេង រួមនឹងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកជំទាវ យ៉េត ម៉ូលីន ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងដ្ឋាននគរបាលជាតិ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ ដែលប្រារព្ធធ្វើឡើងនៅភូមិគ្រឹះសម្ដេចក្រឡាហោម ស ខេង ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពី ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរអង្គភាព និងសប្បុរសជននានា។
សូមរំលឹកថា រដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅជាបន្តបន្ទាប់ ដោយក្នុងនោះរដ្ឋបាលខេត្តបានបង្កើតគណៈកម្មការជំរុញរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានភ្នំសំពៅ ស្រុកបាណន់សំដៅលើកកម្ពស់សោភ័ណភាពនិងសុវត្ថិភាពសាធារណៈ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនឡើង។ជាមួយគ្នានេះរដ្ឋបាលខេត្តបានដាក់ចេញផែនការអភិវឌ្ឍន៍ធ្វើយ៉ាងណាឱ្យតំបន់រមណីយដ្ឋានភ្នំសំពៅក្លាយទៅជាគោលដៅទេសចរណ៍ដ៏ប្រណីតមួយសម្រាប់ខេត្តបាត់ដំបង។