រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

ឯកឧត្តម សុខ លូ អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្សារបឹងឈូក ព្រមទាំងឆ្លៀតឱកាសសួរសុខទុក្ខបងប្អូនអាជីវករ

ព្រឹកថ្ងៃសៅរ៍ ១៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបន្តអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្សារបឹងឈូក ផ្នែកលក់បន្លែសាច់ ដើម្បីពិនិត្យផ្ទៀងផ្ទាត់មើលបងប្អូនអាជីវករដែលលក់ដូរក្នុងនោះ ព្រមទាំងឆ្លៀតឱកាសសួរសុខទុក្ខបងប្អូនអាជីវករផ្នែកខាងក្រោយផ្សារ និងបន្តប្រជុំដកស្រង់ចំនួនតូបដែលអាជីវករកំពុងធ្វើការលក់ដូរជាក់ស្ដែងលម្អិតបន្ថែម និងនាំយកនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានប្រកាសផ្ដល់ដំណោះស្រាយសម្រាប់អាជីវករនៅផ្សារបឹងឈូកដែលតូបត្រូវភ្លើងឆេះកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដោយរដ្ឋសម្រេចទទួលយកមកគ្រប់គ្រង និងជួយជួសជុលសាងសង់ឡើងវិញ ព្រមទាំងផ្ដល់ជូនសិទ្ធិគ្រប់គ្រងពេញមួយជីវិតជូនបងប្អូនអាជីវករដែលបានជួលតូប/រានពីអ្នកវិនិយោគផ្សារ តែម្ដងដោយមិនចាំបាច់បង់ថ្លៃតូបប្រចាំខែដូចមុនទៀតឡើយ។

សូមជម្រាបថាក្នុងឱកាស សម្តេចមហាបវរធិបតីអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ដល់ដំណោះស្រាយជាច្រើនចំណុចដល់អាជីវករផ្សារបឹងឈូកក្នុងនោះសម្ដេចបានប្រកាសរៀបចំសាងសង់តូបដែលឆេះឡើងវិញជូន ដោយរក្សាទម្រង់ដើម ទាំងទំហំអគារ និងចំនួនតូប ដូចដើមដដែល និងផ្ដល់សិទ្ធិឱ្យអាជីវករកាន់កាប់តកូនតចៅដោយមិនមានបង់ថ្លៃតូបទៀតនោះទេ។

អត្ថបទទាក់ទង