រដ្ឋបាលខេត្តបាត់ដំបង

Battambang Administration
ស្វែងរក

រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

  • 41
  • ដោយ teavvisal

នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ និងមានការអញ្ជើញចូលរួមអង្កេតការណ៍ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. និងជាប្រធានក្រុមការងារបច្ចេកទេសអន្តរក្រសួង ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.អ.ជ.ប ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង/ស្រុកទាំង១៤ និងអ្នកពាក់ព័ន្ធផ្សេងទៀត ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារE សាលាខេត្តបាត់ដំបង។
បន្ទាប់ពីបានដំណើរការ រយៈពេលមួយថ្ងៃកន្លះនៃវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ បានផ្ដល់ឱកាសដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា បានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែងនូវបញ្ហាប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា សរុបចំនួន៧៤ករណី ក្នុងនោះរដ្ឋបាលខេត្ត ទទួលបាននូវសំណួរ សំណូមពរ និងបញ្ហាប្រឈមពីថ្នាក់រដ្ឋបាលឃុំ សង្កាត់ បានសរុបចំនួន១០ និងសំណួរ សំណូមពរ បញ្ហាប្រឈម ពីថ្នាក់រដ្ឋបាលក្រុង ស្រុក បានសរុបចំនួន១២ ព្រមទាំងមន្ទីរ អង្គភាពនិងរដ្ឋបាលខេត្តផ្ទាល់ មានសំណួរ សំណូមពរ បញ្ហាប្រឈមសរុបចំនួន៥២ ។
មានប្រសាសន៍ក្នុងពិធីបិទវេទិកា ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានលើកឡើងថា ដើម្បីចូលរួមក្នុងវេទិការ វាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ពិតជាមានសារៈសំខាន់ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ ពីសុឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវ ក្នុងការចូលរួមចំណែកអនុវត្តនូវកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ និងប្រកបដោយគតិបណ្ឌិត របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមបានទៀតបន្តថា វេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ឆ្នាំ២០២៤នេះ បានបង្ហាញពីការយល់ដឹងស៊ីជម្រៅ អំពីដំណើរការនឹងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិរបស់រដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល។ តាមរយៈការឆ្លុះបញ្ចាំង អំពីបញ្ហាប្រឈមក្នុងការអនុវត្តមុខងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរដ្ឋបាលខេត្តទទួលបានរបាយការណ៍ ពីរដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងបញ្ហាប្រឈមដែលរដ្ឋបាលខេត្តជួបប្រទះកន្លងមក គឺមានចំនួន៧៤ករណី។
ឯកឧត្តម សុខ លូ បានបន្ថែមថា វេទិកាថ្នាក់ខេត្ត ដែលបានប្រព្រឹត្តទៅ រយៈពេលមួយថ្ងៃកន្លះ ពិតជាបានផ្ដល់ឱកាសដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ អង្គការសង្គមស៊ីវិល សមាគម ដៃគូរអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា បានចូលរួមសន្ទនាគ្នា ដើម្បីផ្ដល់នូវព័ត៌មានត្រឡប់ និងសម្ដែងនូវ បញ្ហាប្រឈម សំណូមពរ ក្ដីកង្វល់ និងតម្រូវការចាំបាច់ជាអាទិភាពនានា បាននឹងកំពុងជួបប្រទះ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលនេះបានបង្ហាញយ៉ាងពិត ប្រាកដ ពីការអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ រួមជាមួយឆន្ទៈពីគ្រប់តួអង្គ នៃរដ្ឋបាលថ្នាក់ក្រោមជាតិរបស់រដ្ឋបាលខេត្ត ក្នុងការអនុវត្តកំណែទម្រង់តាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា (គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ)។
នៅក្នុងវេទិកាថ្នាក់ខេត្តនេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត បានធ្វើការសម្របសម្រួលឆ្លើយតប នូវបញ្ហាប្រឈម និងសំណើ ក៏ដូចជាសំណូមពរ ដែលរដ្ឋបាលឃុំ/សង្កាត់ ក្រុង/ស្រុក មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអង្គការសង្គមស៊ីវិល បានលើកឡើង នៅក្នុងអង្គវេទិកាផងដែរ៕

អត្ថបទទាក់ទង