នៅព្រឹកថ្ងៃទី០៤ខែវិច្ឆិកា លោក សឿម ប៊ុនរិទ្ធិ អភិបាលខេត្តស្តីទី បានដឹកនាំកម្លាំង និងក្រុមការងារជំនាញមាន លោកនាយករដ្ឋបាលសាលាខេត្ត កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង មន្ទីរដែនដីនគរូបនីយកម្ម អគ្គីសនី រដ្ឋាករទឹក កងរាជអាវុធហត្ថ ស្នងការដ្ឋាននគរបាលខេត្ត មន្រ្តីសេដ្ឋកិច្ចខេត្ត និងមន្រ្តីពាក់ព័ន្ធផ្សេងទៀត ដើម្បីចូលធ្វើការត្រួតពិនិត្យខាងក្នុងផ្សារបឹងឈូក ដើម្បី ស្វែងរកពីមូលហេតុដែលបណ្តាលឱ្យឆាបឆេះ និងទំហំនៃការខូចខាត។
សូមបញ្ជាក់ថាអគ្គីភ័យបានឆាបឆេះសន្ធោសន្ធៅរាលដាលយ៉ាងលឿន នៅជាន់ខាងលើនៃអគារផ្សារបឹងឈូក ប្លុកតូបលក់ក្រណាត់ លក់ប៉ាក់ ឌិន និងជាងកាត់ដេរ នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី០៣ខែវិច្ឆិកា បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីវករសម្រុកនាំគ្នាមកជញ្ជូនឥវ៉ាន់ចេញពីក្នុងផ្សារទាំងយប់។ កម្លាំងជំនាញបានគ្រប់គ្រងពន្លត់ទាំងស្រុង រហូតដល់ម៉ោង៣និង ២០នាទីព្រឹកថ្ងៃទី០៤ខែវិច្ឆិកា ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់រដ្ឋ ចំនួន១១គ្រឿង (ស្នងការនគរបាលខេត្ត ចំនួន០៤គ្រឿង និង អធិការដ្ឋាននគរបាលក្រុង ស្រុក ចំនួន០៧គ្រឿង និង រថយន្តអគ្គិភ័យក្រុមហ៊ុនឯកជន ចំនួន ០២គ្រឿង សរុប ១៣គ្រឿង ព្រមទាំងប្រើប្រាស់ទឹក អស់ចំនួន ៥០រថយន្តអគ្គិភ័យ។
មកទល់ព្រឹកនេះសមត្ថកិច្ចបានកំពុងដាក់កម្លាំងយាមល្បាតជុំវិញ ផ្សារបឹងឈូក និងហាមឃាត់មិនឱ្យអាជីវករ រឺប្រជាពលរដ្ឋចូលទៅក្នុងទីតាំងផ្សារឡើយ រង់ចាំការធ្វើការត្រួតពិនិត្យរួចរាល់ និង ដើម្បីការពារទ្រព្យសម្បត្តិបងប្អូនអាជីវករ ក៏ដូចជាការពារសុវត្ថិភាពរបស់អាជីវករ ក្រែងមានការរងគ្រោះថ្នាក់ផ្សេងៗ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលខេត្តស្តីទី និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានណែនាំ ដល់មន្រ្តីជំនាញធ្វើការត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីមូលហេតុនិងទំហំនៃការខូចខាត ដោយត្រួតពិនិត្យប្រព័ន្ធភ្លើងក្នុងផ្សារ និងតាមតូបនីមួយៗ , ពិនិត្យមើលប្រព័ន្ធទឹកថាតើផ្សារមាន ការរៀបចំប្រព័ន្ធទឹកត្រឹមត្រូវដើម្បីពន្លត់អគ្គីភ័យនៃពេលមានអគ្គីភ័យកើតឡើងដែរទេ និង ពិនិត្យមើល គុណភាពអាគារផ្សារដែលរងការឆាបឆេះនេះ អាចបន្តការជួសជុល ឡើងវិញបានរឺ មិនបាន និងត្រួតពិនិត្យធ្វើរបាយការណ៍ទំហំប៉ះពាល់ ខូចខាតជាដើម ។
សូមបញ្ជាក់ថានៅខណៈពេលដែលអគ្គីភ័យកំពុងឆាបឆេះមានកម្លាំងនគបាល អាវុធហត្ថ យោធា ប្រជាការពារ និងសន្តិសុខ អាជ្ញាធរ បានចុះមកជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ជួយជញ្ជូនសម្ភារៈ ទំនិញ របស់អាជីវករ និងការពារសន្តិសុខ និងបន្តយាមកាមជុំវិញផ្សារទល់ភ្លឺ។